លោក វ៉ាន់ ហ៊ាង ថ្លែងថា ក្មួយៗសិស្សានុសិស្សដែលបានបំពាក់កន្សែងកាកបាទក្រហមកម្ពុជាសង្ឃឹមថាជួយលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤

ខេត្តពោធិ៍សាត់៖ លោកវ៉ាន់ ហ៊ាង នាយកប្រតិបត្តិតំណាងអោយលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានថ្លែងថា យុវជនកាកបាទក្រហមកម្ពុជា ដែលបានបណ្តុះបណ្តាលនិងបំពាក់កន្សែងទាំង៥៦នាក់ស្រី៣៦នាក់នៃវិទ្យាល៏យទាចំរ៉ាត់ សង្ឃឹមថាជាការរួមចំណែកថ្មីមួយទៀតដើម្បីជួយលើកកម្ពស់គោលការណ៍គ្រឹះទាំង៧និងគុណតម្លៃមនុស្សធម៌ស្របតាមវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា។

លោក វ៉ាន់ ហ៊ាង បានថ្លែងបែបនេះនៅវិទ្យាល័យទាចំរ៉ាត់ ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នៅសៀលថ្ងៃទី៩ខែ សីហា ឆ្នាំ២០២៣ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពីចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមរយៈពេលមួយថ្ងៃ និងបានធ្វើពិធីបំណាក់កន្សែងជាផ្លូវការនិងដោយមានការចូលរួមពីលោក លោកស្រីនាយក និងនាយករងវិទ្យាល័យ។

លោក បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធាននិងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិ បាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខានោះសង្ឃឹមយ៉ាងមុតមាំថា ការបំពាក់កន្សែងយុវជនកាកបាទក្រ​ហមកម្ពុជានៅវិទ្យាល័យទាចំរ៉ាត់នាឱកាសនេះ គឺជាលើកទី៤បន្ទាប់ពីបានបំពាក់កន្សែងយុវជនកាកបាទក្រហមនៅវិទ្យាល័យបាកាន វិទ្យាល័យហ៊ុនសែនកណ្តៀងនិងវិទ្យាល័យហ៊ុន សែនក្រគរគឺជាចំណែកថ្មីមួយទៀតក្នុងការពង្រឹងនិងពង្រីកបណ្តាញយុវជនកាកបាទល្រហម ។

ចាប់ពីពេលនេះទៅ ក្មួយៗ បានក្លាយជាយុវជនកាកបាទក្រហមកម្ពុជា ពេញលក្ខណៈ ហេតុនេះសូមឲ្យក្មួយៗ បន្តចែករំលែកនូវចំណេះដឹងដែលខ្លួនមានជូនដល់សិស្សផ្សេងៗទៀតបានដឹង បានយល់កាន់តែច្បាស់និងបន្តគាំទ្រសកម្មភាពមនុស្សធម៌ឲ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបស្របតាមតម្រូវការជាក់ស្តែងដល់ជនរងគ្រោះនិងងាយរងគ្រោះនៅក្នុងមូលដ្ឋាននិងសហគមន៍ ។

លោក ក៏បានលើកឡើងពីតួនាទី ភារកិច្ចរបស់ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ថាជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ដូចនេះត្រូវខិតខំរៀនសូត្រ ធ្វើជាគម្រូល្អគ្រប់សកម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អក្នុងសង្គម។

ទាំងអស់នេះសូមឲ្យក្មួយៗត្រូវតែយកចិត្តទុកដាក់ក្នុងការបន្តផ្សព្វផ្សាយ ពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហមកាន់តែទូលំទូលាយនៅតាមសាលារៀន គ្រឹះស្ថានសិក្សានិងសហគមន៍ក្នុងសកម្មភាពមនុស្ស ធម៌ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងអបាយមុខគ្រប់ប្រភេទនិងត្រូវគោរពច្បាប់ចរាចរណ៍។

ជាមួយគ្នានោះសូមក្មួយៗខិតខំប្រឹងប្រែងនិងប្តេជ្ញាដោយ ប្រកាន់ភ្ជាប់វប្បធម៌ចែករំលែក មានព្រហ្មវិហាធម៌ បន្តពីយុវជនជំនាន់មុន គោរពតាមគោលការណ៍គ្រឹះទាំង៧និងចក្ខុវិស័យស្នូលទាំង៤រួមមាន ១-ការងារគ្រប់គ្រងគ្រោះមហន្តរាយ ២-សុខភាពនិងការថែទាំសុខភាពសហគមន៍​ ៣-ការលើកកម្ពស់គោលការណ៍ គ្រឹះនិងតម្លៃមនុស្សធម៌របស់ចលនានិង៤-ការអភិវឌ្ឍស្ថាប័ននិងអភិវឌ្ឍធនធាន ។

ជា ទូទៅក្មួយៗយុវជនកាកបាទក្រហមកម្ពុជាបាននឹងកំពុងបំពេញការងារយ៉ាងសកម្ម ជាមួយអង្គការនិងសមាគមនានាដែលសុទ្ធសឹងជាកម្លាំងស្នូលនិងជាសេនាធិការរបស់សាខា អនុសាខា ដើម្បីរួមចំណែកក្នុងការងារសង្គមនិងការងារមនុស្សធម៌នៅគ្រប់ភូមិ ឃុំ សង្កាត់ ស្រុកនិង ក្រុង។

សូមបញ្ជាក់ថា មេរៀនសំខាន់នៃវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពីចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ដែលរៀបចំឡើងដោយមន្ត្រីសាខាកាកបាទ្រហមកម្ពុជាខេត្តពោធិ៍សាត់នោះរួមមាន ១-ប្រវត្តិគំនិតមួយ២-សមាសភាពរបស់ចលនាកាកបាទក្រហមកម្ពុជា ៣-បដិរូបសញ្ញាកាកបាទក្រហម ៤-គោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម ៥-មុខវិជ្ជាសង្គ្រោះបឋម ៦-ការលើកកម្ពស់បរិយាបន្នសង្គម ៧-តួនាទីយុវជននិង៨ការបង្កើតក្លិបយុវជន៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *