ខេត្តកំពង់ឆ្នាំង៖ លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាតំណាង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាកសាងកុដិនិង ដង្ហែរ អង្គផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃ
គង់ចាំព្រះវស្សានៅវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានានៅក្នុងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ទឹកជុំនៅពេលខាងមុខនេះ។
ក្នុងកិច្ចប្រជុំ នៅព្រឹកថ្ងៃពុធទី៩ ខែសីហា ឆ្នាំ២០២៣ មានការនិមន្ត និង អញ្ជើញចូលរួម ពីលោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត ព្រះមង្គលានុរ័ក្ខ អំ សៃ ជំនួយការសាលាគណខេត្ត តំណាងអោយសាលាគណខេត្ត ព្រះមុនីសីលវង្សា ខុន ឆុន ព្រះចៅអធិការវត្ត លោក ធូ ផល្លី និងលោកស្រី ជឹម ចោត អភិបាលរងស្រុកទឹកផុស លោកប្រធានការិយាល័យជំនាញស្រុក អាជ្ញធរដែនដី និង អាចារ្យគណៈកម្មការវត្តចូលរួមផងដែរ។
ក្នុងឱកាសនោះលោក ស្រី តុង ណារី បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរដែនដី និង ប្រគេនព្រះចៅអធិការវត្តធ្វើយ៉ាងណាត្រូវរៀបចំបរិស្ថាន សោភ័ណភាព ក្នុងបរិវេណវត្តអោយបានល្អ ។
ក្នុងនោះនៅពេលដែលប្រារព្ធពិធីបុណ្យត្រូវរៀបចំកម្មវិធីអោយតាមលំដាប់លំដោយប្រពៃណីព្រះពុទ្ធសាសនា និងប្រព្រឹត្តទៅដោយរលូនពីពេលចាប់ផ្តើម រហូតដល់ពេលចប់ពិធីបុណ្យ៕