ខេត្តពោធិសាត់៖ លោក អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានដឹកនាំលោកជំទាវ និងលោកស្រី អនុប្រធានកិត្តិយស ប្រធាន អនុប្រធាននិងសមាជិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បាននាំយកអង្ករចំនួន៥តោននិង ថវិកាមួយចំនួន សម្រាប់ចូលរួមផ្គត់ផ្គង់ដល់សមណសិស្សពុទ្ធិកៈអនុវិទ្យាល័យនិងវិទ្យាល័យ គឺវត្តពាលញែក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ អង្ករចំនួន៣តោន និងវត្តនទីមង្គល ស្ថិតក្នុងឃុំកណ្តៀង ស្រុកកណ្កៀង អង្ករចំនួន២តោន ដោយពិធីនេះបានការនិមន្តចូលរួមពី ព្រះព្រហ្មាភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្ត និងព្រះនាយកពុទ្ធិកៈវិទ្យាល័យពោធិ៍សាត់ នៅថ្ងៃទី៩សីហា២០២៣នេះ។
លោកលោកស្រី អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត មានប្រសាសន៍ថា ស្របពេលរដូវចូលព្រះវស្សាព្រះសង្ឃមិនអាចត្រេចរណ៍បិណ្ឌបាតបានឡើយរហូតរយៈពេល៣ខែនោះ ក្នុងនាមប្រជាពុទ្ធបរិស័ទនិងក្នុងនាមសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកាន់ព្រះពុទ្ធសាសនា ត្រូវតែចូលរួមចំណែកតម្កល់ចិត្តនិងសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ។
ជាក់ស្តែងនាពេលនេះដោយមើលឃើញពីការខ្វះខាតរបស់សមណសិស្សបាននឹងកំពុងសិក្សារៀនសូត្រពុទ្ធិកៈអនុវិទ្យាល័យនិងវិទ្យាល័យនៅក្នុងវត្តពាលញែក ក្រុងពោធិ៍សាត់និងវត្តនទីមង្គល ក្នុងស្រុកកណ្តៀងនោះសមាគមនារី បានរួមសាមគ្គីគ្នា ប្រគេនអង្ករនិងថវិកាសម្រាប់រួមចំណែកជួយទ្រទ្រង់ដល់សមណសិស្សទៅតាមលទ្ធភាព។
ជាការពិតណាស់ថាការសិក្សារៀនសូត្ររបស់សមណៈសិស្សពុទ្ធិកៈអនុវិទ្យាល័យនិងវិទ្យាល័យតែងតែជួបកង្វះខាតទាំងថវិកា សម្ភារៈជាច្រើន ដូចនេះក្នុងនាមប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តសូមអំពាវនាវដល់ពុទ្ធបរិស័ទទាំងក្នុងខេត្ត ក្រៅខេត្ត និងក្រៅប្រទេសមេត្តាចូលរួមជួយឧបត្ថម្ភនិងទំនុកបម្រុងទៅតាមលទ្ធភាពដល់សមណៈសិស្ស ដើម្បីឲ្យកុលបុត្រទាំងនោះសិក្សារៀនសូត្របានខ្ពង់ខ្ពស់ក្លាយជាពលរដ្ឋល្អក្នុងសង្គម។
ព្រះព្រហ្មភិរ័ត កែវ កន ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះពោធិវង្សាវិមល ព្រះមេគណខេត្តនិងជាព្រះនាយកពុទ្ធិកៈវិទ្យាល័យពាលញែក បានចម្រើនពរដោយថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះញាតិញោមរួមមាន ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្ត លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស ព្រមទាំងលោកស្រី និងលោកស្រីប្រធាន អនុប្រធាន សមាជិកាសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តទាំងអស់ដែលជានិច្ចកាលតែងតែគិតគូរនិងជួយឧបត្ថម្ភ ទំនុកបម្រុងជាបន្តបន្ទាប់ដល់សមណសិស្សពុទ្ធិកៈទាំងអនុនិងវិទ្យាល័យនៅក្នុងខេត្តជាប់ជាប្រចាំ។
ព្រះព្រហ្មាភិរត កែវ កន មានសង្ឃដិកាថា ខេត្តពោធិ៍សាត់មានពុទ្ធិកៈវិទ្យាល័យមួយកន្លែងនៅក្នុងវត្តពាលញែកមានសមណសិស្សចំនួន២៣០ អង្គគ្រូ ១៩អង្គ/នាក់និងពុទ្ធិកៈអនុវិទ្យាល័យព្រះសុវណ្ណត្ថេរ អ៊ុម អៀមវត្តនទីមង្គលមានសមណសិស្ស១៩០អង្គនិងគ្រូ៩អង្គ/នាក់។
ព្រះមេគណខេត្តមានសង្ឃដិកាថា ការចួលរួមជួយឧបត្ថម្ភទាំងបច្ច័យ និងស្បៀងអាហារ សម្ភារៈ ដល់សមណសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋដែលកំពុងសិក្សារៀនសូត្រនាពេលនេះក៏ដូចនាពេលកន្លងមកពិតជាបានរួមចំណែកបំពេញបុណ្យកុសលយ៉ាងធំធេងលើវិស័យព្រះពុទ្ធសាសនាក្រោមម្លប់សន្តិភាព និងភាពរុងរឿងនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅថ្ងៃដដែលនោះលោកស្រី និងប្រតិភូបានបន្តដំណើរទៅវត្តទេពសន្យា ហៅវត្ត ស្យា ស្ថិតក្នុងឃុំស្យា ស្រុកកណ្តៀង ប្រគេនបច្ច័យសម្រាប់ចង្ហាន់ចំនួន៦០ម៉ឺនរៀលនិងប្រគេនព្រះសង្ឃ១២អង្គក្នុងមួយអង្គរ២ម៉ឺនរៀលនិងចែកទានជូនលោកតា លោកយាយនិងក្មួយៗសិស្សានុសិស្សផងដែរ៕