អាជ្ញាធរ ស្រុកជីក្រែងដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលដីព្រៃដែលប្រជាពលរដ្ឋធ្វើគម្រោងស្នើសុំទុកជាដីព្រៃសហគមន៍ក្រោយពីបានទទួលដំណឹងថាមានការទន្ទ្រានពីជនបុក្គលអត្មានិយម

អ៊ុក ផ្លុង សៀមរាប÷ លោក ម៉ូវ ជា អភិបាលរងស្រុក ជីក្រែងកាលពីថ្ងៃ ព្រហស្បតិ៍ ទី០៤ ខែ សីហា ឆ្នាំ ២០២៣បានដឹកនាំកម្លាំង ចម្រុះ ចុះទៅពិនិត្យមើលដីព្រៃមួយកន្លែងនៅចំណុច ត្រពាំង ស្មាច់ ស្ថិតក្នុងភូមិ កំបោអរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋថាដីព្រៃនៅចំណុចនេះ បាន នឹងកំពុងទទួលរងនូវការ កាប់រុករានទន្ទ្រានឈូសឆាយ ពីសំណាក់បុក្គលអត្មានិយមយកដីរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
សហភាពចូលរួមមាន÷ មន្ត្រី ការិយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថានស្រុកជីក្រែង កងរាជអាវុធហត្ថ ស្រុកជីក្រែង នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ និងនាយរង មេឃុំ ខ្វាវនិងក្រុមប្រឹក្សាឃុំខ្វាវ ប៉ូលិសប៉ុស្តិ៍ សង្កាត់រដ្ឋបាលឃុំខ្វាវ មេភូមិ និងអនុភូមិ ភូមិ កំបោអរ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ សរុប ចំនួន៣៣ នាក់ ស្រីម្នាក់។ កិច្ចសហប្រតិបត្តិការនេះជាលទ្ធផលសង្កេតឃើញថាដីព្រៃនៅចំណុចខាងលើនេះត្រូវបានគេកាប់គាស់ទន្ទា្រនឈូសឆាយទាំងចាស់ទាំងថ្មីសរុបអស់ជាង ៣ហិចតា។ បើយោងតាមសម្តី លោក មុយ មៀន មេភូមិ កំបោអរ បានប្រាប់ អ្នកសារព័ត៌មានថា ដីព្រៃត្រពាំងស្មាច់នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារបានឯកភាពធ្វើការស្នើសុំទៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវអោយដាក់ព្រៃឈើនៅតំបន់នេះទៅជាព្រៃសហគមន៍ ក្នុងគោលបំណងរក្សាទុកព្រៃនេះជាជម្រកសត្វព្រៃ ព្រោះបច្ចុប្បន្ននេះ ព្រៃឈើក្នុងភូមិសាស្ត្រឃុំខ្វាវ កំពុងតែរងការវិនាសអន្តរាយស្ទើរតែអស់ហើយ ក៏ប៉ុន្តែលោកភោគ វីរះ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ហាក់បីដូចជាគ្មានឆន្ទៈ ចង់ថែរក្សាព្រៃឈើនេះទាល់តែសោះ ទុកបណ្តោយអោយជនអាត្មានិយមឈូសឆាយដីនេះ ១ឆ្នាំបន្តិច ១ឆ្នាំបន្តិច ស្ទើរតែអស់ទៅហើយ។ ទន្ទឹមនឹងនោះដែរក្រោយពីក្រុមការងារចុះពិនិត្យនិងធ្វើការវាយតម្លៃរួច លោក ម៉ូវ ជា អភិបាលរងស្រុកជីក្រែង តំណាងឱ្យ លោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង ហើយក៏ជាប្រធានគណៈបញ្ជាការឯកភាពស្រុកជីក្រែង បានធ្វើការងារណែនាំដល់ក្រុមការងារ អោយមានការចុះល្បាតដើម្បីការពារដីព្រៃតំបន់នេះ និងធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ហាមដាច់ខាតមិនអោយជនណាកាប់ទន្ទ្រានឈូសឆាយដីនេះ បន្តជាដាច់ខាត បើបុគ្គលណាហ៊ានប្រព្រឹត្ត នឹងត្រូវរឹប អូសយកឧប្បករជាវត្ថុតាងមកធ្វើជាសម្បត្តិរដ្ឋ ហើយមនុស្ស នឹងត្រូវចាប់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *