ខេត្តពោធិសាត់៖ ក្រសួងបរិស្ថាន ដែលគាំទ្រដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានរៀបចំសិក្ខាសាលានាថ្ងៃទី៤ខែសីហា ឆ្នាំ២០២៣នៅសណ្ឋាគារពោធិ៍សាត់រីវើសាយ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដើម្បីប្រជមផ្សព្វផ្សាយអនុក្រឹត្យលេខ១៤៤ អនក្រ.កប ចុះថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៣របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបង្កើតតំបន់ការពារទេសភាពបាកានដោយមានការចូលរួមពីមន្ទីរ អង្គភាពពាក់ពន្ធ័ រដ្ឋបាលស្រុក ឃុំ ភូមិក្នុងស្រុកបាកាននិងស្រុកកណ្តៀង។
លោក សាយ សុជាតិ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់និងឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានដែលបានរៀបចំសិក្ខាសាលានៅខេត្តពោធិ៍សាត់ នាពេលនេះ ដើម្បីផ្សព្វផ្សាយអនុក្រឹត្យលេខ១៤៤ អនក្រ.កប ចុះថ្ងៃទី៤ខែកក្កដាឆ្នាំ២០២៣របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបង្កើតតំនប់ការពារទេសភាពបាកាននៅលើផ្ទៃដីទំហំ ៣៨.៤៣០ហិកតានៅក្នុងភូមិសាស្ត្រស្រុកបាកាននិងស្រុកកណ្តៀងនៃខេត្តពោធិ៍សាត់ ។
អនុក្រឹត្យនេះមានគោលបំណងធានាការថែរក្សានិងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាននិងវប្បធម៌។មិនតែប៉ុណ្ណោះបានផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព រក្សាលំនឹងបរិស្ថាន ការពារ អភិរក្សធនធានធម្មជាតិ ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់ ធានាការប្រើប្រាស់តំបន់សើមប្រកបដោយភាពឈ្លាសវៃ។
ទាំងអស់នេះគឺទាមទាករលើកកម្ពស់ស្មារតីការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការពារនិងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់នោះ។
អភិបាលរងខេត្តពោធិសាត់និងឯកឧត្តមរដ្ឋលេាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រសួងបរិស្ថាន មានសមត្ថកិច្ចដឹកនាំរៀបចំ កែប្រែនិងគ្រប់គ្រងតំបន់ការពារទេសភាពបាកានដោយសហការណ៍ជាមួយ រដ្ឋបាលខេត្ត ស្ថាប័នពាក់ព័ន្ធនិងសហគមន៍មូលដ្ឋានដើម្បីធានាក្នុងការគ្រប់គ្រងស្របតាមច្បាប់និងលិខិតបទដ្ឋានគតិ យុត្តជាធរមានការបង្កើតតំបន់ការពារទេសភាពបាកានដែលទើបចេញអនុក្រឹត្យនាពេលថ្មីៗនេះនឹងធ្វើឲ្យខេត្តពោធិ៍សាត់ទទួលបាន នូវតំបន់ការពារធម្មជាតិថ្មីទី៥ ដែលកន្លងមកមានតំបន់ការពារធម្មជាតិតែ៤គឺ១-តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ២-ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់៣-ដែនជម្រកសត្វព្រៃភ្នំសំកុសនិង៤-ឧទ្យានជាតិជួរភ្នំក្រវាញ។
តំបន់ការពារទេសភាពបាកាននេះជាតំបន់ដីសើមដ៏មានសារៈសំខាន់ដែលបាននឹងកំពុងទ្រទ្រង់នូវប្រភេទជីវៈចម្រុះជាច្រើនប្រភេទជាពិសេសពពួកសត្វជិតផុតពូជរួមមាន ខ្សិប ស្មោញ ទុងប្រផេះ ត្រដក់តូច រនាលព៌ណ ត្រយ៉ងខ្លួនស និងចាបព្រៃជាដើម។
ជាងនេះទៅទៀតតំបន់នេះកំពុងផ្តល់សេវាកម្មប្រព័ន្ធ អេកូឡូស៊ីដ៏សម្បូបែបនិងមានសក្តានុពលក្នុងការប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអាចរួមចំណែកបង្កើនប្រាក់ចំណូល ដល់ប្រជាពលរដ្ឋនិងលើកស្ទួយសេដ្ឋកិច្ចជាតិ។តាមរយៈនេះក្រសួងបរិស្ថានក៏ដូចរដ្ឋបាលខេត្តពោធិ៍សាត់បន្តចូលរួមកិច្ចសហការណ៍ ក្នុងការការពារ អភិរក្សនិងត្រៀមខ្លួនចុលរួមអនុវត្តជាបន្តបន្ទាប់ទៀតរួមមាន ការកំណត់និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ចុះបញ្ជីដីសាធារណៈរបស់រដ្ឋ ការទប់ស្កាត់បទល្មើស សំណង់ខុសច្បាប់ កម្មវិធីលើកកម្ពស់ជីវភាពសហគមន៍ និងកម្មវិធីអប់រំផ្សព្វផ្សាយជាដើម។
លើសពីនេះទៀតក្រសួងនិងរដ្ឋបាលខេត្តមានឆន្ទះខ្ពស់ក្នុងការថេរក្សាការពារ អភិរក្សសម្បត្តិវប្បធម៌និងធន ធានធម្មជាតិឲ្យបានគង់វង្សនិងសម្បូរបែបសម្រាប់ជាប្រយោជន៍ដល់សហគមន៍មូលដ្ឋានឲ្យស្របទៅតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាស់វៃនិងប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕