ខេត្តកំពង់ឆ្នាំង៖ លោក ឧត្តមសេនីយ៍ត្រីស អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយេនឌ័ររបស់អង្គភាព សហការជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អញ្ជើញចុះនាំយក ស័ង្កសីចំនួន ៣០សន្លឹក. ស៊ីម៉ង់ត៍៣បេ អង្ករ ៥០គីឡូក្រាម និងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ លោកយាយ ឯល គ្រឿន អាយុ៧៤ឆ្នាំ ដែលត្រូវអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង នៅក្នុងភូមិឈូក ឃុំ ធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិបស់លោកយាយនាពេលនេះ ។
លោក មេបញ្ជាការ ក៏បានក្រើនរំលឹកដល់ លោកយាយ និងកូនចៅ ទៅថ្ងៃមុខត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង នៅមុនពេលទៅទីណាត្រូវពិនិត្យមើល៊លអោយបានត្រឹមត្រូវទើបចាក់ចេញ ។
លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជួយសហការសាងសង់ផ្ទះជូនលោកយាយ និង បានបញ្ជាក់ថា បើមានខ្វះខាតស័ង្កសីសម្រាប់សាងសង់ផ្ទះឡើងវិញ ឲ្យលោកយាយប្រាប់តាមរយៈ លោកមេឃុំ លោកមេបញ្ជាការផ្នែកសឹករងស្រុកសាមគ្គីមានជ័យ លោកមេបញ្ជាការសឹករងខេត្ត នឹងជួយឧបត្ថម្ភបន្ថែមទៀត៕