ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី១សីហា២០២៣នេះដីសម្រាប់កសិកម្ម និង ដីលំនៅឋាន របស់ប្រជាពលរដ្ឋ.នៅក្នុងភូមិ ព្រៃអណ្តូងជាភូមិចុងក្រោយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិសាត់ ដែលមានផ្ទៃដីប្រមាណ ១៦០០ហិកតា ត្រូវបានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត បានអញ្ជើញប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនិងអ្នកពាក់ព័ន្ធជិត២០០នាក់ចូលរួមប្រជុំផ្សព្វផ្សាយ ប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅ វត្តបក្សីចាំក្រុង ហៅវត្តភ្នំបាក់ត្រា។
លោក ឱន សទ្ធា ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានជម្រាបជូនថា ឃុំព្រងិលដែលមាន៩ភូមិក្នុងនោះភូមិព្រៃអណ្តូងគឺជាភូមិចុងក្រោយដែលមន្ត្រីជំនាញបានអញ្ជើញបងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធចូលរួមប្រជុំផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ ឲ្យស្របទៅតាមនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី។
ក្នុងនាមជាមន្ទីរជំនាញ សូមឱ្យអាជ្ញាធរ គណកម្មការរដ្ឋបាល ព្រឺទ្ធាចារ្យ បងប្អូនជាម្ចាស់ក្បាលដី សាធារណៈជននិងអង្គភាពនានាដែលមានការពាក់ព័ន្ធនឹងក្បាលដីដែលស្ថិតក្នុងតំបន់ធ្វើការវិនិច្ឆ័យខាងលើនេះ មេត្តាចូលរួមស្តាប់ការពន្យល់ ណែនាំ ពីសំណាក់មន្ត្រីជំនាញ ក្នុងការឆ្លើយបំភ្លឺរាល់សំណួរនិងចម្ងល់ផ្សេងៗតាមផ្លូវច្បាប់និងចូលរួមសហការឲ្យបានទាំង៥ដំណាក់កាល ។
លោកលោកប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានលើកឡើងទៀតថា ដើម្បីឱ្យកិច្ចដំណើរការវាស់វែងនិងចុះបញ្ជីដីធ្លីជាប្រពន្ធទៅបានឆាប់រហ័សនិងមានតម្លាភាពនោះ សូមឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់ដែលស្ថិតនៅ ក្នុងភូមិតំបន់គោលដៅ ត្រូវតែចូលរួមសហការណ៍ឲ្យបានគ្រប់ដំណាក់កាល ក្នុងការចង្អុល បង្ហាញ បោះបង្គោលព្រំក្បាលដីទាំងដីកសិកម្ម ដីលំនៅឋាន ផ្លូវ ច្រក បឹង បួ ប្រឡាយ អូរ ស្ទឹង ឲ្យបានត្រឹមត្រូវច្បាស់លាស់ បើម្ចាស់ក្បាលដីណា មានទំនាស់ សូមសម្របសម្រូលគ្នានិងធ្វើការដោះស្រាយឱ្យបានចប់សព្វគ្រប់ដោយភ្ជាប់មកជាមួយនូវ បណ័្ណគ្រួសារ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនិងឯកសារផ្សេងៗទៀត។
លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានថ្លែងថា ឃុំព្រងិលត្រូវបានមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ចុះប្រតិបត្តិការវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធជូនប្រជាពលរដ្ឋ ដើម្បីឈានទៅទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
តាមរយៈនេះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីនៅក្នុងតំបន់ធ្វើការវិនិច្ឆ័យទាំងអស់ ចូលរួមសហការ និងជួយធ្វើការផ្សព្វផ្សាយបន្តដល់បងប្អូនដែលនៅឆ្ងាយនិងធ្វើចំណាកស្រុកដោយធ្វើយ៉ាងណាឱ្យពួកគាត់បានមកចូលរួមនៅពេលចុះប្រតិបត្តិការវាស់វែង បើមិនដូច្នោះទេ មន្ត្រីបច្ចេកទេសនឹងបន្តទៅភូមិ ឃុំផ្សេងៗទៀត ។
ជាមួយគ្នានោះត្រូវធ្វើការពិភាក្សាបែងចែក ផ្ទេរ អំពីប្រភេទទ្រព្យ បើមានករណីវិវាទ ទំនាស់ ត្រូវសម្រប សម្រួល និងដោះស្រាយគ្នាជាមុនដោយសន្តិវិធី ។
ចំពោះក្រុមការងារជំនាញ បង្កើនការយកចិត្តទុកដាក់បំពេញការងារឱ្យបានខ្ជាប់ខ្ជួន មានតម្លាភាព ច្បាស់លាស់ ព្រោះថាការចុះបញ្ជីដីធ្លីមានលក្ខណជាប្រពន្ធនេះ គឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាសេនាធិការ ក្រោមគោលនយោបាយ កាត់បន្ថយភាពក្រីក្រ និងកាន់កាប់ដីធ្លីប្រកបដោយសុវត្ថិភាព គ្មានវិវាទ ដូចពាក្យថា ដីគឺជាជីវិតដោយប្រើប្រាស់លើវិស័យកសិកម្ម ឧស្សាហកម្ម សិប្បកម្មព្រមទាំងបានប្រកាសមិនយកពន្ធ ក្នុងការផ្ទេរកម្មសិទ្ធិ រវាងឳពុក ម្តាយមកកូន រវាងប្តី ប្រពន្ធនិងរវាងតា យាយមកចៅបង្កើតថែមទៀតផង ៕