តាកែវ៖ នៅរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណអភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរស្រុកត្រាំកក់ ទ្រាំង រួមជាមួយលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក នៅតាមបណ្ដោយផ្លូវជាតិលេខ២ និងបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តស្រុកត្រាំកក់ ស្រុកសំរោង ។
មានប្រសាសន៍នាឱកាសចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងតាមបណ្ដាស្រុកនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតាមដានឱ្យបានជាប់ជាប្រចាំពីស្ថានភាពទឹកថាតើវាឡើងកម្រិតណា ហើយប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់ដែលអាចនាំឱ្យមានការជន់លិចនៅតំបន់ណាមួយ ដែលអាចនឹងប៉ះពាល់ដល់ផលដំណាំ ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរត្រូវតែធ្វើសកម្មភាពជាបន្ទាន់ក្នុងការចុះជួយបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ឬត្រូវធ្វើសកម្មភាពទប់ស្កាត់ជាមុន តាមរយៈការជីកដីទប់ទឹកកុំលិចលង់ នៅតំបន់មួយចំនួនដែលទឹកបម្រុងនិងលិច។
ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានធ្វើការណែនាំឱ្យមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក មន្ទីរសាធារណការ សហការជាមួយអាជ្ញាធរក្រុង ស្រុក ត្រូវត្រៀមលក្ខណៈទុកជាមុនក្នុងការទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើងជាយថាហេតុនេះ ហើយក្នុងករណីដែលទឹកអាចនឹងកើនឡើងក្នុងកម្រិតខ្ពស់ អាជ្ញាធរស្រុកត្រូវសហការគ្នាជាមួយមន្ទីរជំនាញ ត្រូវកាយបើកផ្លូវទឹក និងកាយស្មៅឬសំរាមចេញតាមផ្លូវទឹកនានាដើម្បីឱ្យទឹកហូរទៅក្រោមកាន់តែលឿនដើម្បីបញ្ចៀសការលិចលង់លំនៅដ្ឋាននិងដំណាំរបស់ប្រជាពលរដ្ឋ ជាពិសេស ត្រូវត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាយការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា បើមានករណីលិចទឹកនៅតំបន់ណាមួយ៕