តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំបន្ថែមទៀត ទៅដល់មន្រ្តីជំនាញបសុព្យាបាល ត្រូវបង្កើនសកម្មភាព ចុះចាក់វ៉ាក់សាំងការពារអុតក្ដាម ជំងឺសារទឹកនិងជំងឺដុំពក លើសត្វគោក្របីនៅតាមបណ្ដា ភូមិឃុំសង្កាត់ និងក្រុងស្រុកនៅទូទាំងខេត្តតាកែវ ដើម្បីការពារសត្វចិញ្ចឹម របស់បងប្អូនប្រជាពលរដ្ឋកុំឱ្យឆ្លងជំងឺទាំងអស់ ដែលនាំឱ្យខាត់បង់ថវិកាដល់ពួកគាត់។ ថ្លែងនៅក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនិងបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺអុតក្ដាមជំងឺសារទឹកនិងជំងឺដុំពកលើសត្វគោក្របី នៅភូមិប៊ិនម៉ៅសង្កាត់រកាក្រៅក្រុងដូនកែវ ខេត្តតាកែវនាព្រឹកចន្ទទី៣១ខែកក្ដដាឆ្នាំ២០២៣ ឯកឧត្តមអ៊ូចភាអភិបាលនៃគណៈអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមទៀតថាការចាក់វ៉ាក់សាំងនេះ ក្នុងគោលបំណងដើម្បីការពារកុំឱ្យសត្វចិញ្ចឹម (គោក្របី) នេះឆ្លងជំងឺប្រសិនបើយើងមានការធ្វេសប្រហែសបន្តិចអាចឱ្យសត្វគោក្របីឈឺស្លាប់ ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងគ្រួសារនិងពេលវេលាផងដែរ។ ជាមួយគ្នានេះដែរឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ សូមបន្តជួយផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋដែលមិនបានចូលរួមសូមយកសត្វគោក្របីមកចាក់ថ្នាំ បង្ការនេះដោយមិនគិតប្រាក់ឡើយ។ យោងតាមការបញ្ជាក់ពីលោកថៃលីប្រធានការិយាល័យផលិតកម្មនិងបសុព្យបាល បានឱ្យដឹងថាការចុះចាក់វ៉ាក់សាំងជំងឺសារទឹក ជំងឺអុតក្ដាមនិងជំងឺដុំពកដល់គោក្របីរបស់បងប្អូនប្រជាពលរដ្ឋមន្រ្តីបសុពេទ្យខេត្ត បានចុះចាក់វ៉ាក់សាំងបានជំងឺដុំពកសរុបចំនួន៩៥៦២ក្បាល ជំងឺអុតក្ដាមសរុបចំនួនសត្វគោ១៣១០១ក្បាល សត្វក្របី៧១ក្បាលនិងជំងឺសារទឹកសត្វគោ បានចំនួន ៤៧៩២ក្បាល និងសត្វក្របី ចំនួន ៥១៥ក្បាល។
លោក ថែ លី បានបន្ថែមថា កន្លងមកមន្រ្តីការិយាល័យបសុព្យាបាលខេត្ត បានចុះបាញ់ថ្នាំសំលាប់មេរោគការពារជំងឺផ្សេងៗ លើសត្វចិញ្ជឹមរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមផ្ទះ និងនៅតាមកសិដ្ឋានមួយចំនួននៅទូទាំងខេត្តផងដែរ ៕