នាយឧត្តមសេនីយ៍ ខេង សុមេធ បានក្រើនរំលឹកដល់គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក និងសក្ខាកាមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជា សេចក្តីណែនាំនានារបស់សាលាហ្វឹកហ្វឺន ត្រូវមានឥរិយាបថល្អ និងសេចក្តីថ្លៃថ្នូ ស័ក្តិសមជាកងកម្លាំងឯកភាព !

ឡុង សំបូរ ខេត្តព្រះវិហារ៖ ប្រសាសន៍ក្រើនរំលឹករបស់ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជំនួយការដឹកនាំការងារព្រំដែនរួម ទទួលទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ភូមិភាគ៤ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វគ្គហ្វឹកហ្វឺននេះទៀត ក៏មានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន លោកឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាន-អនុប្រធាននាកយកដ្ឋាននគរបាលជំនាញទាំង៣ មេបញ្ជាការរងប្រចាំអចិន្ត្រៃយ៍នគរបាលជាតិប្រចាំភូមិភាគ៥ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ហ៊ូ សុទ្ធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្តជាប់ព្រំដែន មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក-ព្រំដែនទឹក គណៈគ្រប់វគ្គ គ្រូបង្វឹក និងសិក្ខាកាមសរុប ៤០៥នាក់។
ប្រធាននាយករដ្ឋានគរបាលបច្ចេកទេសព្រំដែន លោកឧត្តមសេនីយ៍ឯក វូ ហាក់ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការអញ្ជើញជាអធិបតីភាពរបស់ នាយឧត្តមសេនីយ៍ ខេង សុមេធ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងភ្ញៀវកិត្តិយស ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ប្រចាំខេត្តព្រះវិហារ នាពេលនេះ។ លោកថា វគ្គហ្វឹកហ្វឺននេះ បានធ្វើឡើងក្នុងរយៈពេល ៩០ថ្ងៃ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ នេះតទៅ។
លោកឧត្តមសេនីយ៍ឯក វូ ហាក់ បានថ្លែងថា អនុវត្តតាមគោលការណ៍ដឹកនាំរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផែនការសកម្មភាពឆ្នាំ២០២៣ របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនោះដោយបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនជំនាញ ចំនួន ៣វគ្គ គឺ វគ្គទី១ ស្តីពីជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ,វគ្គទី២ ស្តីពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រ (GIS) និងឧបករណ៍កំណត់ទីតាំងផែនដី(GPS)ដោយប្រើសញ្ញាផ្កាយរណប(GNSS)ជំនាន់ទី១ លើកទី២ និងវគ្គទី៣ ស្តីពីនីតិសម្បទាមន្ត្រីនគរបាលយុត្តិធម៌ ដោយវគ្គនីមួយៗមានរយៈពេលសិក្សាចំនួន៩០ថ្ងៃ។
អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សុមេធ បានមានប្រសាសន៍ថា ថ្ងៃនេះលោកមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងពិធីបើកវគ្គជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ដែលស្របតាមនិយាមបច្ចេកទេសបណ្តុះបណ្តុះបណ្តាលកងកម្លាំង និងស្តង់ដាគុណភាពដែលបានកំណត់ ដើម្បីលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ និងក្រមសីលធម៌នគរបាលជាតិ ឲ្យឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ របស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍធនធានមនុស្ស ផ្នែកកងកម្លាំងនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានលើកឡើងពីការកត់សម្គាល់ថា សភាពការណ៍សន្តិសុខនៅតំបន់ព្រំដែន ក្នុងអំឡុងឆមាសទី១ ឆ្នាំ២០២៣ មានស្ថានភាពសម្ងប់ស្ងាត់ល្អប្រសើរ។ លោកនាយឧត្តមសេនីយ៍បានបន្តថា កងកម្លាំងនគរបាលការពារព្រំដែន បានប្រកៀកស្មាយ៉ាងជិតស្និទ្ធ ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដីយ៉ាងរឹងមាំ ដោយរក្សាបានព្រំដែនសន្តិភាព មិត្តភាព សហប្រតិការ និងការអភិវឌ្ឍ។
នាយឧត្តមសេនីយ៍ ខេង សុមេធ បានថ្លែង ក្រើនរំលឹកដល់គណៈគ្រប់គ្រងវគ្គ គ្រូបង្វឹក និងសិក្ខាកាមទាំង៤០០នាក់ ត្រូវប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជា និងសេចក្តីណែនាំនានារបស់សាលាហ្វឹកហ្វឺន ត្រូវមានឥរិយាបថល្អ សេចក្តីថ្លៃថ្នូ ស័ក្តិសមជាកងកម្លាំងឯកភាព បើសិក្ខាកាមណាល្មើសវិន័យ មិនស្តាប់តាមការណែនាំរបស់គណៈគ្រប់គ្រងវគ្គ ឬ គ្រូបង្វឹក បុគ្គលនោះនឹងត្រូវទទួលវិន័យដោយគ្មានការលើកលែង ត្រូវយកចិត្តទុកដាក់ខិតខំក្របជញ្ជក់នូវមុខវិជ្ជាដែលគ្រូបង្វឹកបានបង្ហាត់បង្រៀន ទៅតាមកម្មវិធីដែលបានគ្រោងទុក ប្រកបដោយស្មារតីទទួលខុសត្រូវ មានក្រមសីលធម៌ ជាកងកម្លាំងប្រយុទ្ធរៀបរយ ដើម្បីបង្កើនសមត្ថភាពសម្រាប់បំពេញតួនាទី ភារកិច្ច ប្រកបដោយវិជ្ជាជីវៈ និងត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវជំរុញកងកម្លាំងនគរបាលព្រំដែន ឲ្យបន្តចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាប់ជាប្រចាំ ដើម្បីធ្វើទំនើបកម្ម នៃចំណេះដឹង និងជំនាញវិជ្ជាជីវៈ ឲ្យសមស្របនឹងបរិបថថ្មីនេះ។

អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ខេង សុមេធ បានបញ្ជាក់ថា ក្នុងនាមកងកម្លាំងនគរបាលការពារព្រំដែន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ចាប់ពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះតទៅ ព្រោះត្បិត ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាឥស្សរជនដ៏ឆ្នើម វ័យក្មេង មានចំណេះដឹងខ្ពស់ ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ មានគុណធម៌ និងសីលធម៌ល្អ មានសុជីវធម៌ ដោយទទួលបានការកោតសរសើរ ការគោរពស្រឡាញ់ពីសំណាក់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *