ខេត្តពោធិ៍សាត់÷ កិច្ចប្រជុំបូករុបលទ្ធផល យុទ្ធនាការពលរដ្ឋល្អ ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ហេង សុខគង់ សមាជិក អចិន្ត្រៃយ៍គណកម្មាធិការកណ្តាលសហភាព សហព័ន្ធយុវជនកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រធានសម្ព័ន្ធ គ្រូពេទ្យសហភាព សហព័ន្ធយុវជនកម្ពុជានិងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ និងដោយមានសមាជិក សមាជិការសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ខេត្ត ស្រុក ក្រុងចូលរួមចំនួន៣៥១នាក់ ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៣ នៅសាលបណ្តាល័យសាមគ្គីវិទ្យាល័យពោធិ៍សាត់។
លោក សំ ណារិទ្ធិ សមាជិក គណកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា អនុប្រធានអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តនិងជាអភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានជម្រាបជូនថា ក្រោយពីទទួលបានការ បណ្តុះបណ្តាលដល់ក្រុមការងារយុវជនបង្គោល ដើម្បីអនុវត្ត យុទ្ធនាការពលរដ្ឋល្អសម្រាប់សង្កេតការណ៍ដំណើរការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧នៃរដ្ឋសភា តាមបណ្តាស្រុក ក្រុងទាំង៧នៃខេត្តពោធិ៍សាត់ចំនួន៤៧៥នាក់នៅតាម ការិយា ល័យបោះឆ្នោតទាំង៧៤៤។ ផ្នែកតាមរបាយការណ៍របស់អ្នកសង្កេតការណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តពោធិ៍សាត់បាន ធ្វើការវាយតម្លៃអំពីដំណើការបោះឆ្នោតថា ក្នុងអំឡុងនៃការឃោសនារយៈពេល២១ថ្ងៃគណបក្សនយោបាយបានប្រព្រឹត្តទៅស្របតាមបទបញ្ជា ច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។ ពេលបោះឆ្នោតប្រជាពលរដ្ឋយ៉ាងច្រើនបានចេញទៅបោះឆ្នោតក្នុងនាមពលរដ្ឋល្អនិងដំណើរការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធនិងឆ្លុះបញ្ចាំងឲ្យឃើញពីតម្លាភាពនិងភាពស្ងប់ស្ងាត់ល្អ។
ឯកឧត្តម ហេង សុខគង់ សមាជិកអចិន្ត្រៃយ៍គណកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាខេត្ត ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជានិងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បាននាំមកនូវការសួរសុខទុក្ខនិងផ្តាំផ្ញើពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាថ្នាក់ខេត្ត ស្រុក ក្រុងនិងថ្នាក់មូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យដំណើរការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌។ ជាមួយគ្នានោះ ឯកឧត្តម បានធ្វើការឆ្លុះបញ្ចាំងពីតួនាទី ភារកិច្ចស្នូលរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការពង្រឹងប៉ូលយុវជនឲ្យចូលរួមក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌និងមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ព៌ណសម្បុរ ភេទ ភាសា ជំនឿសាសនា ឋានៈសង្គមនិងនិន្នាការនយោបាយដោយបានក្លាយជាអង្គការចាត់តាំងយុវជននៅកម្ពុជា ព្រោះថា យុវជនជាកម្លាំងស្នូល ជាទំពាំងស្នងឬស្សីនិងជាអ្នកបន្តវេនទៅថ្ងៃអនាគត។ឯកឧត្តម ថ្លែងថា ការជួបជុំគ្នានេះនឹងឆ្លុះបញ្ចាំងឲ្យសាធារណជនជាតិ អន្តរជាតិឃើញកាន់តែច្បាស់និងអបអរសាទរលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ទើបតែបញ្ចប់ទៅពេលថ្មីៗនេះដំណើរការទៅដោយរលូន
គ្មានការបង្ខិតបង្ខំ គ្មានការគំរាមកំហែង មានភាពស្ងប់ស្ងាត់ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងគោរពទៅតាមគោលការណ៍ច្បាប់។ស្របពេលនោះដែរឯកឧត្តម សូមថ្លែងអំណរគុណដល់លោក លោកស្រី ជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកាសហព័ន្ធសហភាពយុវជនកម្ពុជាទូទាំងខេត្តពោធិ៍សាត់ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្តនិងធនធានផ្ទាល់ខ្លួន ចូលរួមចំណែកការងារសង្គមនាពេលកន្លងមកក៏ដូចនៅក្នុងអំឡុងមុន ពេលនិងក្រោយបោះឆ្នោតនាពេលថ្មីៗនេះដោយភាពជឿជាក់និងស្មោះស្ម័គ្របំផុត ។
នៅក្នុងខណៈនោះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានចូលរួមថវិកា៥លានរៀល និងឯកឧត្តម ហេង សុខគង់ បានប្រគល់ជូនលិខិតថ្លែងអំណរគុណ និងផ្តល់ជូនថវិកាកំដដៃដល់អ្នកចូលរួម៣៥១នាក់ ក្នុងម្នាក់ៗថវិកា៤ម៉ឺនរៀល និងបានថតរូបទុកជាអនុស្សាវរីយ៍នាពេលនោះផងដែរ៕