លោក យិន សាវ៉េន អភិបាលរងខេត្តដឹកនាំក្រុមការងារចុះពិនិត្យពិភាក្សាទីតាំងព្រះសង្ឃនិងពុទ្ធបរិស័ទស្នើសុំគោលការណ៍ដើម្បីធ្វើវត្តដោយដាក់ឈ្មោះថាៈអារីយវង្សគីរីសុខារាម ហៅវត្តរលុង ស្ថិតក្នុងភូមិរលុង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ យោងតាមសំណូមពរ របស់ប្រជាពលរដ្ឋ៤៨០នាក់នៅក្នុងក្នុងភូមិរលុង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង យោងតាមអនុសាសន៍ របស់លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារដឹកនាំដោយ លោក យិន សាវ៉េន អភិបាលរងខេត្ត ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីលោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង លោក សូត សង់ អភិបាល
ស្រុកទឹកផុស ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះជំនួយការសាលាគណខេត្ត តំណាងសាលាគណខេត្ត ព្រះអង្គ ផន សុឡា ព្រះអនុគណស្តីទី ស្រុកទឹកផុស និងសហការី លោក មាស សំណាង ប្រធានការិយាល័យជំនាញនៃមន្ទីរធម្មការនឹងសាសនា និង ពុទ្ធស័ទចូលរួមជាង៧២ អង្គ/នាក់។

ក្រុមការងារបានពិនិត្យមើលទីតាំងស្នើសុំគោលការណ៍ទីតាំងដើម្បីស្នើសុំធ្វើវត្ត រួចមក បានប្រជុំពិភាក្សាពាក់ព័ន្ធ​ អោយស្របតាមគោលការណ៍នៃនិតិវិធីច្បាប់ បានកំណត់គ្រាដែលលោកមេភូមិរលុងបានរាយការណ៍បញ្ជាក់អោយដឹងថាៈ ភូមិរលុងមានប្រជាពលរដ្ឋសរុបប្រមាណចំនួន២៦០គ្រួសារ ហើយមានផ្ទៃដីស្នើសុំគោលការណ៍ធ្វើវត្តមានផ្ទៃក្រឡាប្រមាណជាង៦ហិចតាប្រជាពលរដ្ឋបានសំណូមពរស្នើសុំគោលការណ៍បង្កើតវត្តមានប្រជាពលរដ្ឋចំនួន៤៨០នាក់ ចំពោះការផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃគឺប្រជាពលរដ្ឋក្នុងភូមិធានាផ្គត់ផ្គង់បានគ្រប់គ្រាន់។

បន្ទាប់ពីក្រុមការងារចុះពិនិត្យទីតាំងនិងស្តាប់របាយការណ៍របស់លោកមេភូមិរួចមក និងតាមការបញ្ជាក់ពីមន្ទីរជំនាញពិនិត្យលើលក្ខណបច្ចេកទេស ស្របតាមសេចក្តីណែនាំ៦ចំណុចរបស់ក្រសួងធម្មការនិងសាសនាបានកំណត់ អាចបង្កើតអោយមានជាវត្តបាន ។

លោក យិន សាវ៉េន អភិបាលរងខេត្តបានមានប្រសាសន៍ផ្តាំផ្ញើដល់ព្រះសង្ឃ និងប្រជាពលរដ្ឋ ធ្វើយ៉ាងណាប្រតិបត្តិតាមធម៌វិន័យព្រោះថាៈវត្តអារាមជាទីជំរកអប់រំ នូវចរិយាធម៌ ដល់ពុទ្ធបរិស័ទ យុវជន ដែលជាទំពាំង ស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត ក្នុងសង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តីថ្នៃថ្នូ សមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ។

លោក យិន សាវ៉េន បានសំណូមពរដល់ ព្រះអង្គ ស៊ុំ សារ៉ន ព្រះគ្រូសូត្រស្តាំស្តីទី ត្រូវសហការជាមួយអាជ្ញាធរដែនដី រៀបចំប្លង់មេសម្រាប់បន្តដំណើរការកសាងនូវពេលមានការអនុញ្ញាត ច្បាប់ពីថ្នាក់លើ រៀបចំបរិស្ថាន អោយវត្តមានសោភ័ណ្ឌភាពល្អ ក្លាយជាវត្តតំបន់ទេសចរណ៍ធម្មជាតិ ជាពិសេសត្រូវជម្រុញការបណ្តុះបណ្តាលធនធានព្រះសង្ឃនិងយុវជន យុវនារី ក្នុងមូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក យិន សាវ៉េន ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភា បានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ជាពិសេសនៅតែមានភាពជឿជាក់លើគោលនយោបាយរបស់គណបក្ស និង បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *