ខេត្តកំពង់ឆ្នាំងៈ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះក្រុងកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត ឯកឧត្តម គុយ ចន្ថា លោកជំទាវ ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមការងារចុះក្រុងកំពង់ឆ្នាំងបាននាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ និង គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យមួយចំនួនប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា អស់ត្រីមាស ចំនួនវត្តទាំង១០នៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅវត្តអារញ្ញិការរាម ស្ថិតនៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះលោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យវិស័យពុទ្ធ ចក្រ និង អាណាចក្រ មានការរីកចម្រើនទន្ទឹមគ្នាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធាបានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍរីកចម្រើនជាលំដាប់។
លោកជំទាវ ជូ ប៊នអេង បានមានប្រសាសន៍ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់បានបំពេញកាតព្វកិច្ចជាពលរដ្ឋ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នៃរដ្ឋសភាជាពិសេសបានបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ ព្រោះថាមានគណបក្សប្រជាជនកម្ពុជាមានសន្តិភាពនិងការអភិវឌ្ឍ។
លោកជំទាវបានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់រួមគ្នាថែទាំសុខភាព អោយបានល្អ បង្កើនមុខរបបប្រចាំថ្ងៃ ចូលរួមគោរព ច្បាប់ កុំជឿការញ៉ុះញ៉ុងរបស់ពួកអគតិ រួមគ្នាថែរក្សាសុខសន្តិភាព ដែលមានបច្ចុប្បន្នអោយនៅគង់វង្ស។
ចំពោះវត្តទាំង១០ក្នុងក្រុងកំពង់ឆ្នាំងទទូលបានទៀនព្រះវស្សាទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគនិងបច្ច័យប្រគេនក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សាចំនួនមួយគូ,សាដក១កញ្ចប់,អង្ករ១០០គីឡូក្រាម,ទឹកក្រូច២កេស,ទឹកសុទ្ធ២កេស,មីជាតិ១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៉ីវ១យួរ ,បច្ច័យបួនក្នុង
១អង្គៗ១០ម៉ឺនរៀល និង បច្ច័យកសាងក្នុងមួយវត្ត៨១ម៉ឺនរៀលនិងបានជូនថវិកាដល់អាចារ្យ និងយាយជីតាជីចូលរួមផងដែរ។
សូមរំលឹកថា ជារៀងរាល់មុនថ្ងៃចូលព្រះវស្សារបស់ព្រះភិក្ខុសង្ឃ នាថ្ងៃ១ រោច ខែអាសាឍនោះ ថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ ប្រជាពលរដ្ឋ ឧបាសក ឧបាសិកាដែលជាពុទ្ធសាសនិក តែងតែនាំគ្នាយកទៀនចំណាំព្រះវស្សា រួមទាំងទេយ្យទានផ្សេងៗ និងគ្រឿងឧបភោគបរិភោគ ទៅវេរប្រគេនព្រះសង្ឃតាមវត្តអារាមានានា សម្រាប់ប្រើប្រាស់ក្នុងពេលវេលា នៃរដូវកាលចូលព្រះវស្សាអស់ត្រីមាស តាមពុទ្ធាអនុញ្ញាត ៕