ខេត្តកំពង់ឆ្នាំង : វគ្គគបណ្តុះបណ្តាល ស្តីពី ការអនុវត្តកម្មវិធី និងការឧបត្ថម្ភអត្រាថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ជូនដល់អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ ស្រុក និង ក្រុង ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឈាង បាក់ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និង លោកអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោក ឈាង ចន្ធី ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា និង លោក លោកស្រីជាអាជ្ញាធរពាក់ព័ន្ធ មន្រ្តីអ្នកអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។
លោកឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាបានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណង អភិវឌ្ឍសមត្ថភាពបន្ថែមលើនីតិវិធីនៃការអនុវត្ត និងការឧបត្ថម្ភតាមអត្រាថ្មី របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់រដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈដែលជាតួអង្គប្រតិបត្តិករផ្ទាល់ និងដល់រដ្ឋបាលក្រុងស្រុក ដែលជាតួអង្គសម្របសម្រួល។
វគ្គបណ្តុះបណ្តាលក្នុងថ្ងៃនេះ នឹងជួយបង្កើននូវចំណេះដឹង និងជំនាញយ៉ាងជាក់លាក់ ដើម្បីធ្វើឱ្យការអនុវត្តកម្មវិធីមានតម្លាភាព គណនេយ្យភាព សុចរិតភាព និងប្រសិទ្ធភាពខ្ពស់។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ត្រូវបានទទួលស្គាល់ ជាយន្តការអន្តរាគមន៍មួយដ៏មានប្រសិទ្ធភាពខ្ពស់ និងស្របតាមតម្រូវការជាក់ស្តែង ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ ចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដោយប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាល ទទួលអនុវត្តនៅក្នុងដំណាក់កាលអន្តរកាល។
នៅក្នុងដំណាក់កាលទីពីរ ជាការផ្ទេរកម្មវិធីពីក្រសួងសុខាភិបាលមកក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តបន្តដែលចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ប៉ុន្តែការអនុវត្តជាក់ស្តែងបានប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២០។
មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាលនាពេលនេះឯកឧត្តមឈាង បាក់ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាបានមានប្រសាសន៍បញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ អំពីការតម្លើងអត្រាឧបត្ថម្ភថ្មី សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ។
ឯកឧត្តមបានបញ្ជាក់ទៀតថា មូលនិធិជាតិជំនួយសង្គមក៏មានឆន្ទៈ ក្នុងការពង្រីកវិសាលភាពកម្មវិធីជំនួយសង្គម សំដៅគ្របដណ្តប់លើមនុស្សគ្រប់វ័យ ជាក់ស្តែងគឺបាននឹងកំពុងរៀបចំ «កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» ដែលត្រូវធ្វើសមាហរណកម្មកម្មវិធីជំនួយសង្គមបញ្ចូលគ្នា ក្នុងកញ្ចប់តែមួយ រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនមនុស្សវ័យចាស់អាយុ៦០ឆ្នាំឡើង និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនអ្នកផ្ទុកមេរោគអេដស៏និងជំងឺអេដស៏ ហើយគ្រោងដាក់ឱ្យដំណើរការនៅដើមឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្តម បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ យកទុកដាក់ និងខិតខំប្រឹងប្រែងរួម ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការសិក្សារៀនសូត្រអំពីនីតិវិធីថ្មីៗដើម្បីយកទៅអនុវត្តអោយមានប្រសិទ្ធិភាព ពិសេ តួអង្គប្រតិករទាំងថ្នាក់មូលដ្ឋានឃុំ សង្កាត់ មូលដ្ឋានសុខាភិបាលសាធារណៈ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត ដែលបានសម្របសម្រួលដល់ដំណើរការនៃកម្មវិធី ក្នុងក្របខ័ណ្ឌរៀងៗខ្លួន សំដៅធានាបាននូវតម្លាភាព ប្រក្រតីភាព និងប្រសិទ្ធភាពនៃការ អនុវត្តកម្មវិធី៕