នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ពាក់ព័ន្ធលទ្ធផលបឋម នៃការបោះឆ្នោតនីតិកាលទី៧ និងការងាររៀបចំរាជរដ្ឋាភិបាលថ្មី។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយកក្តីមោទនភាព ចំពោះលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅនេះ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនបន្តតំណែងជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនោះឡើយ។ សម្តេចតេជោបានថ្លែងថា ការដែលសម្តេចប្រញាប់ប្រញាល់លាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុនសម្រាប់ការរក្សាស្ថេរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលកាន់តំណែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលខាងមុខនេះគឺមិនបានរំលងនីតិវិធីទាំងឡាយនោះឡើយដែលបានកំណត់ទៅតាមច្បាប់នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ហើយសម្តេចក៏នឹងត្រូវក្លាយទៅជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ក្រោយការបោះឆ្នោតព្រឹទ្ធសភានាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សម្តេចមិនជ្រៀតជ្រែកការងាររបស់នាយករដ្ឋមន្ត្រីថ្មី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីនោះឡើយ។ សម្ដេចតេជោបញ្ជាក់ទៀតថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីក្នុងរយៈពេលប្រមាណជា៣សប្តាហ៍ទៀតប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន ក៏សុំការគោរព ស្រឡាញ់ពីបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ចំពោះនាយករដ្ឋមន្ត្រីថ្មី គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងបន្តដឹកនាំប្រទេសកម្ពុជាឲ្យរីកចម្រើនតទៅមុខទៀត៕