សៀមរាប÷ នៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៣ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប រួមជាមួយនាយកប្រតិបត្តិនិងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តនិងសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានអញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទ ក្រហមកម្ពុជា ខេត្ត មកចែកជូន ដល់បងប្អូនប្រជាពលរដ្ឋក្រីក្រី ចាស់ជរា ស្រ្តីមេម៉ាយចំនួន ១៥០គ្រួសារមកពីឃុំទាំង១០ ក្នុងស្រុកក្រឡាញ់។ លោក សុខ ណារ៉េត ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកនិងជាអភិបាលស្រុកក្រឡាញ់មានប្រសាសន៍ថា៖ នេះជាសកម្មភាពមនុស្សធម៌របស់កាកាបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបធ្វើឡើងតបតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឃុំ ភូមិ អំពីស្ថានភាពរស់នៅប្រចំាថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលក្នុងបន្ទុកគ្រួសារមានចាស់ជរា ពិការ ស្រ្តីមេម៉ាយកូនច្រើន បាននឹងកំពុងជួបការលំបាកខ្លំាងក្នុងជីវភាពរស់នៅប្រចំាថ្ងៃរបស់ពួកគាត់ដោយបាន ធ្វើការពិនិត្យ និងវាយតម្លៃ ឃើញថាពួកគាត់ទាំង១៥០គ្រួសារពិតជាមានភាពខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃពិតប្រាកដមែន និងដោយសារអនុសាខាកាកបាទក្រហមស្រុកមិន មានលទ្ធផលដោះស្រាយ បាន ទើបអនុសាខា កាកបាទក្រហមកម្ពុជាស្រុក ធ្វើសំណើសុំទៅ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជាខេត្តជួយដោះស្រាយជាអំណោយជូនដល់គ្រួសារកំពុងជួបការលំបាកខ្លាំង នៅ ថ្ងៃនេះ។ក្នុងរបាយការណ៍ របស់លោកស៊ុំ សំអន នាយកប្រតិបត្តិនិងក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តថា៖អំណោយដែលនាំយកមកនេះក្នុងមួយគ្រួសារទទួលបានរួមមាន៖អង្ករ៣០គ.ក្រ មី១កេស ត្រីខ១យួរ អំបិល១គ.ក្រ ស្ករស១គ.ក្រទឹកត្រី១យួរ ឃីត១កញ្ចប់ (មុងភួសារុងក្រមា)និងថវិកា៥ម៉ឺនរៀល។
ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា៖សម្ភារៈអំណោយយកមកចែកជូននៅពេលនេះជាអំណោយទទួលបានពីសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភមកដល់សាខាកាកបាទក្រហមកម្ពុជាខេត្តដើម្បីប្រើប្រាស់ទៅតាមភាពជាក់ស្តែងសម្រាប់ជួយគ្រួសារដែលងាយរងគ្រោះ និងមានភាពខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។ឯកឧត្តម គុជ លីណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម មានប្រសាសន៍ ផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាពដើម្បីទប់ស្កាត់កុំឱ្យឆ្លងនានាយាយីមកលើកូនចៅនិងក្រុមគ្រួសារយើងជាពិសេសក្នុងរដូវវស្សានេះត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជំងឺរាគរុស និងគ្រុនចាញ់គ្រុនឈាមជាដើម និងប្រយ័ត្នជានិច្ចចំពោះកុមារតូចៗកុំឱ្យទៅលេងទឹកថ្លុក ប្រឡាយ បឹងបួរ ខ្លាចក្រែងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ហើយបើសង្ស័យថាមានកើតជំងឺណាមួយសូមរួសរាន់ទៅកាន់មណ្ឌលសុខភាពដែលនៅកៀកជិតនឹងមូលដ្ឋានរបស់យើង៕