អភិបាលនៃគណៈអភិបាលខេត្តរតនគិរី គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមបញ្ជាក់ថា ករណីខាងលើនេះ មិនមែនជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើឡើយ

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមប្រកាសព័ត៌មានជាសាធារណៈដូចខាងក្រោម៖

គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានទទួលបណ្តឹងជាលាយលក្ខណ៍អក្សរតាមរយៈប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ពីចាងហ្វាងការផ្សាយព័ត៌មានគេហទំព័រ ទូរទស្សន៍អនឡាញ “bnnpostnews, slabpkkatikkmav, ANN Hot News, MSj…” ថា “នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានឈ្មួញឈើបានដឹកបទល្មើសព្រៃមកស្តុកទុកនៅទីតាំងក្នុងបរិវេណដីរបស់ក្រុមហ៊ុន ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ នៅតំបន់ស្រុកវើនសៃ ខេត្តរតនគិរី។ ក្រុមការងារអ្នកសារព័ត៌មានរបស់ខ្ញុំបាទក៏បានចុះទៅស្រាវជ្រាវរកឃើញថា ពិតជាមានគំនរឈើហុបកាត់ជាកំណាត់មានចំនួនជាច្រើនដើមពិតប្រាកដ។ មានមុខកាត់ចាប់ពី០,៥០ទៅដល់១,២០ម៉ែត្រ ប្រវែង៤,២០ម៉ែត្រ។ បទល្មើសធនធានធម្មជាតិទាំងនោះ មានទីតាំងស្ថិតនៅក្នុងដីចំការកៅស៊ូក្រុមហ៊ុន ម៉ាង យ៉ាង ខេ អភិវឌ្ឍន៍កៅស៊ូ ចំណុចភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី។ អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមលោកប្រធានមេត្តាជួយមានចំណាត់ការនិងទប់ស្កាត់បង្ក្រាបដោយក្តីអនុគ្រោះ។”

ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមគោរពជម្រាបជូនសាធារណជន និងលោក ចាងហ្វាងការផ្សាយព័ត៌មានគេហទំព័រ ទូរទស្សន៍អនឡាញ ជ្រាបថា ក្រោយពីទទួលបណ្ដឹងភ្លាម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជូនព័ត៌មាននេះដល់ថ្នាក់ខេត្តដើម្បីចុះត្រួតពិនិត្យដោយផ្ទាល់ បើពិតជាបទល្មើសត្រូវបង្ក្រាប។ ក្រោយពីទទួលបានព័ត៌មានពីថ្នាក់ជាតិ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងជាសមាជិកនៃគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាក់ថា ឈើដែលបណ្ដាញព័ត៌មានចុះផ្សាយនោះ គឺជាប្រភេទដើមស្វាយស្រុក ដែលប្រជាពលរដ្ឋបានដាំនៅក្នុងភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ហើយពលរដ្ឋបានកាប់ចោល ដែលមានមុខកាត់ចាប់ពី០,៥០ម៉ែត្រទៅ១.២០ម៉ែត្រ ប្រវែង៤,២០ម៉ែត្រ សរុបចំនួន១៧ដុំ។ ឈើខាងលើនេះជាប្រភេទដំណាំហូបផ្លែរបស់ប្រជាពលរដ្ឋបានដាំដុះដោយខ្លួនឯងមិនស្ថិតនៅក្រោមច្បាប់ស្តីពីព្រៃឈើឡើយ។ អាជ្ញាធរមានសមត្ថកិច្ចបានណែនាំឱ្យអ្នកទិញដើម្បីស្នើសុំលិខិតអនុញ្ញាតដឹកជញ្ជូនពីអាជ្ញាធរជំនាញតាមនីតិវិធី។

ផ្អែកលើសេចក្តីរាយការណ៍របស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តរតនគិរី គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមបញ្ជាក់ថា ករណីខាងលើនេះ មិនមែនជាអំពើល្មើសច្បាប់ស្តីពីព្រៃឈើឡើយ។ កន្លងទៅ ក៏មានបុគ្គលមួយចំនួនបានយករូបភាពផ្សេងៗពាក់ព័ន្ធនឹងធនធានធម្មជាតិមកធ្វើការចុះផ្សាយបំភ្លៃការពិតផងដែរ យើងខ្ញុំសូមអំពាវនាវលើកទឹកចិត្តក្នុងការចូលរួមទប់ស្កាត់និងផ្តល់ព័ត៌មានពិត ដើម្បីធ្វើការបង្ក្រាបបទល្មើសធនធានធម្មជាតិ កុំបំពុលសង្គម ឬបង្កឱ្យមានការភាន់ច្រឡំដល់ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចអនុវត្តច្បាប់។

អាស្រ័យដូចជម្រាបជូនខាងលើសូមសាធារណជន និងលោកចាងហ្វាងការផ្សាយព័ត៌មានគេហទំព័រ ទូរទស្សន៍អនឡាញដែលបានប្តឹងមេត្តាជ្រាប។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *