បិទវគ្គបណ្តុះបណ្តាលស្តីពីតួសិទ្ធនាទីភារកិច្ចនិងក្រមសីលធម៌អ្នកសង្កេតការណ៍របស់សមាគមនារី

ពោធិ៍សាត់÷ នៅថ្ងៃទី១៨កក្កដា២០២៣នេះសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិ តួនាទី ភារកិច្ចនិងក្រមសីលធម៌របស់អ្នកសង្កេតការណ៍របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រុងពោធិ៍សាត់ចំនួន៩៦នាក់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ប៊ុន រ៉ានី ហ៊ុន សែន បន្ទាប់ពីបានដំណើរការពេញមួយព្រឹកនោះរួចមក។

លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខានិងលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់និងជា សមាជិកាប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ថ្នាក់កណ្តាល បានថ្លែងថា វគ្គបណ្តុះបណ្តាលស្តីពី សិទ្ធិ តួនាទី ភារកិច្ចនិងក្រមសីលធម៌របស់អ្នកសង្កេតការណ៍ ជូនដល់អ្នកសង្កេតការណ៍របស់សមាកមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រុងពោធិ៍សាត់ទាំង៩៦នាក់ក៏ដូចបណ្តាស្រុកផ្សេងៗ ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹងកកាន់តែច្បាស់ ស៊ីជម្រៅ ទទួល បានជោគជ័យនិងកាន់តែមានប្រសិទ្ធិភាពខ្ពស់នាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភាដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ។

លោកជំទាវបានថ្លែងថា ការបោះគឺជាកិច្ចការមួយដ៏មានសារៈសំខាន់និងចាំបាច់បំផុតសម្រាប់បណ្តាប្រទេសនៅលើសកលលោកដែលកាន់សិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសនៅប្រទេស កម្ពុជាដែលបានអនុវត្តការងារបោះឆ្នោតជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩៣រហូតមកដល់បច្ចុប្បន្ន រាល់បណ្តាប្រទេសដែលកាន់ លិទ្ធិប្រជាធិបតេយ្យតែងតែប្រាថ្នាចង់បានរាល់ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការគំរាមកំហែងនិងគ្មានអំពើហឹហ្សា។

ដើម្បីសម្រេចនូវគោលដៅនេះបានទាំងប្រជាពលរដ្ឋ មន្ត្រីបោះឆ្នោត គណបក្សនយោបាយ បេក្ខជន ភ្នាកងារសង្កេតការណ៍គណបក្សនយោបាយនិងភាគីពាក់ព័ន្ធទាំងអស់ត្រូវរួបរួមគោរពច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី លិខិតបទដ្ឋានគតិយុត្តនានា របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រមសីធម៌ឲ្យបានខ្ជាប់ខ្ជួននិងល្អប្រសើរ។

លោកជំទាវ បានលើកឡើងថា អ្នកសង្កេតការណ៍គ្រប់ៗរូបត្រូវប្រតិបត្តិតាមក្រមសីលធម៌ សម្រាប់ធ្វើឲ្យបរិយាកាសនៃដំណើរការបោះឆ្នោតតាំងពីចាប់ផ្តើមរហូត ដល់ប្រកាសលទ្ធផលជាផ្លូវការ។

គណបក្សនយោបាយដែលជាគូរប្រកួតប្រជែងមានសុទិដ្ឋិនិយមរវាងគ្នានិងគ្នា សហការណ៍គ្នា និងបំពេញការងារតាមភារកិច្ចនិងមុខតួនាទីរៀងៗខ្លួនសំដៅកាត់បន្ថយនូវអំពើហឹង្សា ជម្លោះ ការរើសអើង ការបែងចែករវាងអ្នកដែលមាននិន្នាការនយោបាយផ្សេងៗគ្នាក្នុងសង្គម។

ការគោរពក្រមសីលធម៌បានល្អ គឺជាការលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិនិងបង្ហាញពីការគោរពច្បាប់ ការឯកភាពជាតិ ការជឿទុកចិត្តគ្នា រវាងគណបក្សនយោបាយ ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលនិង ភាគីពាក់ព័ន្ធទាំងអស់ក្នុងសង្គម ។

លោកជំទាវបានក្រើនរំលឹកថា ដំណើរការបោះឆ្នោតកាន់តែខិតជិតមកដល់គឺនៅថ្ងៃទី២៣ខែ កក្កដាឆ្នាំ២០២៣ ហេតុនេះក្នុងនាមសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ សូមសំណូមពរដល់អ្នក សង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោតនិមួយៗត្រូវខិតខំសិក្សាស្វែងយល់ឲ្យបានច្បាស់លាស់អំពីសិទ្ធិ តួនាទី ភារកិច្ចនិងក្រមសីលធម៌ដែលបានសិក្សាកន្លងមកនេះមានស្មារតីទទួលខុសត្រូវខ្ពស់ បើមានសភាពការអ្វីកើតឡើងត្រូវចេះរាយការណ៍និងសុំ គោលការណ៍ឲ្យបានទាន់ពេលវេលានិងសំណូមពរដាច់ខាតមិនត្រូវធ្វើអ្វីឲ្យខុសឬប្រាសចាកពីក្រមសីលធម៌ត្រូវមានមុខនៅការិយាល័យបោះឆ្នោតនៅម៉ោង៦ព្រឹកដោយភ្ជាប់ជាមួយនូវ ប៊ិច សៀវភៅ ដើម្បីប្រើប្រាស់ក្នុងពេលដំណើរការ។

សូមបញ្ចាក់ថា សាខាសមាកមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានបើកវគ្គបណ្តុះបណ្តាលស្តីពីសិទ្ធិ តួនាទី ភារកិច្ចនិងក្រមសីលធម៌ជូនដល់អ្នកសង្កេតការណ៍របស់សមាគមនារីទាំង៧ស្រុក ក្រុងក្នុងខេត្តពោធិ៍សាត់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភាបានចំនួន៥៤៨នាក់ទាំង៤៩ឃុំ សង្កាត់និង៧៤៤ការិយាល័យបោះឆ្នោត ក្នុងនោះស្រុកបាកាន៧៦នាក់ ក្រគរ១១៤នាក់ កណ្តៀង១១០នាក់ ក្រវាញ៥៩នាក់ វាលវែង៣៩នាក់ តាលោកសែនជ័យ៥៤នាក់និងក្រុងពោធិ៍សាត់៩៦នាក់ l៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *