ខេត្តពោធិសាត់÷ នៅថ្ងៃទី១៥កក្កដា២០២៣នេះ លោកជំទាវ យូ ស្រីលាភ ត្រូវបាន ព្រះបាទសម្ដេច ព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើរអគ្គនាយក លោកជំទាវ យូ ស្រីលាភ ជាភរិយា ឯកឧត្តម ជិត ប៉ុណ្ណារ៉ា ។
លោកជំទាវ យូ ស្រីលាភ ជាស្រ្តីខ្មែរមួយរូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ និងការងារសង្គម ជួយសម្រួលការលំបាកនានារបស់ប្រជាពលរដ្ឋជាពិសេសអ្នកនៅតាមជនបទ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។
តាំងពីឆ្នាំ២០១៦ លោកជំទាវ យូ ស្រីលាភ បានចូលរួមផ្តួចផ្តើមអោយមានគម្រោងគាំពារទារកនៅកម្ពុជា ដោយធ្វើការសហការជាមួយក្រុមគ្រូពេទ្យនិងអ្នកជំនាញមកពីសហរដ្ឋអាមេរិក ចុះបណ្តុះបណ្តាលអំពីបច្ចេកទេសជួយ
សង្គ្រោះកុមារក្រោយពេលសម្រាលដល់គ្រូពេទ្យ និងនាំយកម៉ាស៊ីនជំនួយដង្ហើមទារកក្រោយពេលសម្រាលជាច្រើនគ្រឿងផ្តល់ជូនដោយឥតគិតថ្លៃ តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ ជាច្រើនកន្លែងនៅកម្ពុជា ក្នុងនោះនៅខេត្តពោធិ៍សាត់រួមមានស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកាត់បន្ថយអត្រាស្លាប់របស់ទារកក្រោយពេលសម្រាលនៅកម្ពុជា ។
បើគិតត្រឹមខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ យូ ស្រីលាភ បានចូលរួមដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះធ្វើការពិនិត្យ ព្យាបាល វាស់ភ្នែក ផ្តល់ថ្នាំ និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ចំនួន០៧លើក
ក្នុងស្រុកវាលវែង៣លើក ស្រុកកណ្តៀង១លើក ស្រុកភ្នំក្រវាញ១លើក និងស្រុកក្រគរចំនួន២លើក ដោយធ្វើការពិនិត្យព្យាបាលភ្នែក និងផ្តល់វ៉ែនតាជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតប្រាក់បានប្រមាណជិត១ម៉ឺននាក់ ។
ក្រៅពីខេត្តពោធិ៍សាត់ លោកជំទាវ យូ ស្រីលាភ បានចូលរួមដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះធ្វើការពិនិត្យ ព្យាបាល វាស់ភ្នែក ផ្តល់ថ្នាំ និងផ្តល់វ៉ែនតាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តបាត់ដំបង និងខេត្តកណ្តាលជាច្រើនលើកច្រើនសារផងដែរ ។
ក្នុងនោះដែរ លោកជំទាវ យូ ស្រីលាភ បានផ្តល់ក្តីសង្ឃឹមនិងស្នាមញញឹមជាថ្មី ជូនដល់លោកយាយលោកតាចាស់ជរាជាប្រមាណជិត២០០នាក់ ដែលមានបញ្ហាភ្នែកធ្ងន់ធ្ងរអាចបណ្តាលអោយទៅជាពិការភ្នែក ដោយលោកជំទាវ បានចូលរួមដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ធ្វើការវះកាត់ជួយសង្គ្រោះបានយ៉ាងជោគជ័យផងដែរ ។
ហើយជានិច្ចជាកាល លោកជំទាវ យូ ស្រីលាភ និងគ្រួសារ តែងតែចុះសួរសុខទុក្ខ និងនាំយកសម្ភារៈសិក្សា ផ្តល់ជូនសិស្សានុសិស្សនៅតាមសាលានានានៅតាមទីជនបទ ៕