ខេត្តសៀមរាប៖ អាជ្ញាធរស្រុកជីក្រែងបានព្រមានចាត់វិធានការចំពោះលោក សុខសាន្ត បញ្ញា ដែលបានចាក់ដីលុបស្រះបុរាណមួយកន្លែងគឺ«ស្រះតាធុន»។
នេះបើតាមលោក ប៊ូ ម៉េង ទ្រី អភិបាលស្រុកជីក្រែង បានប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃអង្គារនេះ។
អភិបាលស្រុកជីក្រែងបញ្ជាក់ថាករណីលោក សុខសាន្ត បញ្ញា ដែលបានចាក់ដីលុបស្រះបុរាណ«ស្រះតាធុន»ទី១ខាងរដ្ឋបាលស្រុកបានកោះហៅគាត់មកបំភ្លឺហើយ។ ទី២រដ្ឋបាលស្រុកនឹងឲ្យ លោកសុខសាន្ត បញ្ញា នេះកាយអាចន៍ដីដែលបានចាក់លុប«ស្រះតាធុន» នោះចេញវិញឲ្យដូចសភាពដើម។ ក្នុងករណីមិនអនុវត្តតាមរដ្ឋបាលស្រុកនិងចាត់វិធានការតាមនីតិវិធី។
បញ្ជាក់ទីតាំងចាក់អាចន៍ដីលុបស្រះបុរាណ«ស្រះតាធុន» ស្ថិតនៅភូមិក្របីរៀល ឃុំ គោកធ្លកក្រោម។
បើតាមកំណត់ហេតុរបស់រដ្ឋបាលស្រុកជីក្រែង អ្នកសារព័ត៌មាន ទទួលបាននៅថ្ងៃអង្គារនេះ បញ្ជាក់ថាក្រុមការងារចុះពិនិត្យទីតាំងចាក់ដីលើកស្រះបុរាណ (ស្រះ តាធុន) របស់ឈ្មោះ សុខសាន្ត បញ្ញា ស្ថិតនៅក្នុងភូមិក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
សមាសភាពចូលរួមមាន:
១.នាយករងរដ្ឋបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុក
២.អនុប្រធាន.ការិ សេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍
៣.ប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម
៤.ការិយាល័យបរិស្ថាន និងធនធានធម្មជាតិ
៥.ការិយាល័យភូមិបាលស្រុក
៦.អាជ្ញាធរភូមិ ឃុំគោកធ្លកក្រោម
៧.មន្រី្តប៉ុស្តិ៍គោកធ្លកក្រោម
៨.ចាស់ទុំ ព្រឹទ្ធាចារ្យក្នុងភូមិ
៩.ម្ចាស់ដីអវត្តមាន
កំណត់ហេតុបន្តថាក្រោយពីចុះពិនិត្យជាក់ស្តែងនៅទីតាំង ក្រុមការងារបានសម្រេចដូចខាងក្រោម៖-តម្រូវអោយម្ចាស់ដីកាយដីចេញពីស្រះបុរាណ(ស្រះ តាធុន) អោយដូចស្ថានភាពដើម។-ករណីបើម្ចាស់ដីមិនកាយអាចន៍ដីចេញ ត្រូវទុកដីចាក់នេះប្រើប្រាស់ជាសម្បត្តិរួមក្នុងភូមិ។
អង្គភាព សៀមរាប នៅមិនទាន់ទទួលបានការបំភ្លឺពីលោកសុខសាន្ត បញ្ញា បាននៅឡើយទេចំពោះករណីខាងលើនេះ។
សូមជម្រាបថា លោ សុខសាន្ត បញ្ញា ជាម្ចាស់ក្រុមហ៊ុនបញ្ចាំមួយកន្លែងនៅ ស្រុកជីក្រែង យីហ( ក្រុមហ៊ុនសុខសាន្ត បញ្ញា ឌីវេឡុបម៉ិន)៕សហការីតារាជ្យ