ខេត្តតាកែវ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរង ផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មការសមាគមមិត្តនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិខេត្តតាកែវ។
ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទអញ្ជើញចូលរួមបុណ្យសពគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្ដិថ្នាក់វរសេនីយ៍ត្រី ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ឯក បុិច យ៉ា ព្រមទាំងប្រគល់ថវិកាសមាគមមិត្តចំនួន ៦,០០០,០០០៛(ប្រាំមួយលានរៀល) ថវិកាផ្ទាល់ខ្លួនរបស់លោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្តចំនួន ៥០០,០០០៛(ហាសិបមុឺនរៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានៈ ទឹកត្រីចំនួន ១យួរ ទឹកសុីអីវចំនួន ២យួរ ទឹកសុទ្ធចំនួន ១កេស មីចំនួន ២កេស អង្ករចំនួន ៥០គីឡូក្រាម ជូនដល់លោកស្រី គុណ សុភាព ត្រូវជាភរិយាសពលោកវរសេនីយ៍ត្រី បុិច យ៉ា មន្រ្តីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ:៦០៣ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៣ ដោយជម្ងឺ(ក្រិនថ្លើមកម្រិតធ្ងន់) ស្ថិតនៅភូមិកំណប់ ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។
ឆ្លៀតក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសំណេះសំណាលជាមួយក្រុមគ្រួសារសព សំដែងនូវការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ បម្រើប្រទេសជាតិមាតុភូមិកន្លងមក ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕