តាកែវ៖ អាជ្ញាធរខេត្តតាកែវ បានធ្វើការជម្រុញដល់សិស្សដែលប្រឡងជាប់ឬធ្លាក់បាក់ឌុបឲ្យមកសិក្សាយកជំនាញបច្ចេកទេសនៅវិទ្យាស្ថានបច្ចេកទេសតេជោសែន ជាវិទ្យាស្ថានរបស់រដ្ឋ ដែលមានទីតាំងនៅក្នុងក្រុងដូនកែវខេត្តតាកែវ ដើម្បីចាប់យកជំនាញពិតប្រាកដនឹងច្បាស់លាស់មួយសម្រាប់អាជីពរបស់ខ្លួន ព្រោះការជំនាញបច្ចេកទេសពិត គឺងាយស្រួលក្នុងការរកការងារធ្វើ និងទទួលបានប្រាក់កំរៃគួរសមផងដែរ ។
ថ្លែងនៅចំពោះមុខនិស្សិតនិងសិស្សរាប់រយនាក់នៅក្នុងឱកាសអញ្ជើញចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ កាលពីចុងសប្តាហ៍នេះ នៅវិទ្យាស្ថានបណ្ដាលបណ្ដាលបច្ចេកទេសភូមិភាគតេជោតាកែវ លោក មូល វិចិត្រ អភិបាលរងខេត្ត បានលើកឡើងថា សិស្សនិស្សិតដែលប្រឡងជាប់ឬធ្លាក់បាក់ឌុបភាគច្រើនតែងតែនាំគ្នាសិក្សាតាមគ្នា ឬជ្រើសរើសជំនាញធនាគា គណនេយ្យជាដើម ដោយមើលរំលងជំនាញបណ្ដុះបណ្ដាលបច្ចេកទេស ដែលជំនាញនេះងាយស្រួលក្នុងការរកការងារធ្វើនិងអាចឲ្យប្អូនៗនិស្សិតអាចបើករបរកស៊ីដោយខ្លួនឯងផ្ទាល់ខ្លួន នៅស្រុកកំណើតផងដែរ។
លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវបានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីជួយសម្រួលដល់ការសិក្សារបស់សិស្សនិស្សិតដែលជាប់ឬធ្លាក់បាក់ឌុប ដោយបានបើកវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនៅតាមបណ្ដាលខេត្តជាច្រើន ឲ្យសិស្ស និស្សិតបានចូលរួមសិក្សា ក្នុងគោលបំណងជួយសិស្ស និស្សិតកុំឲ្យទៅសិក្សានៅកន្លែងឆ្ងាយពីផ្ទះ ដូច្នោះសូមប្អូនៗសិស្សានុសិស្សទាំអស់ត្រូវសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់អំពីសារៈសំខាន់ នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនៅក្នុងស្រុក និងក្រៅប្រទេស។
និស្សិតវិទ្យាស្ថានពហុបច្ចេកវិទ្យាតេជោតាកែវ ដែលបានបញ្ចប់ការសិក្សាផ្នែកភាសាអង់គ្លេសហើយកំពុងតែបំរើការងារ ជាគ្រូភាសាអង់គ្លេសនៅវិទ្យាស្ថានមួយក្នុងខេត្តតាកែវ បានសំដែងនូវក្ដីសប្បាយរីករាយដែលបានក្លាយជាគ្រូសាភាសារអង់គ្លេសទៅតាមក្ដីស្រម័យរបស់ខ្លួន និងបានអំពាវនាវឲ្យសិស្សដែលជាប់ឬធ្លាក់បាក់ឌុបសូមចូលមកសិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាភូមិភាគតេជោតាកែវជាវិទ្យាស្ថានរបស់រដ្ឋ ដែលសិស្សអាចជ្រើរើសមុខវិជ្ជាសិក្សាដែលខ្លួនពេញចឹត្តជាពិសេសជំនាញបច្ចេកទេស ហើយសាលានេះព្រមទាំងមានកន្លែងស្នាក់នៅសម្រាប់និស្សិតផងដែរ៕ តាកែវ