(សៀមរាប) ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយក មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន សំណេះសំណាលសាកសួរសុខទុក្ខ អតីតយុទ្ធជននៅស្រុកវ៉ារិន ខេត្តសៀមរាប ក្រោមអធិបតី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គលេខា ធិការរង សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្តី អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ព្រឹកថ្ងៃសុក្រ ១៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ២០២៣ ។
ឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងសៀមរាប និងជាប្រធាន គណៈ កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តសៀមរាប បានឲ្យដឹងថា៖ពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជននាពេលនេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រ ដែល ប្រកបដោយការគោរពដឹងគុណ នូវវីរៈភាពដ៏អង់អាចក្លាហាន របស់បងប្អូនអតីតយុទ្ធជន ដែលកន្លងមកបាន ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជានៃយើង ដោយមិនគិតពីការលំបាក និងបានលះបង់ សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុ នៃសន្តិភាព ដែលធ្វើអោយយុទ្ធមិត្តយើងធ្លាក់ខ្លួន ពិការ បាត់បង់សមត្ថភាព ការងារ ពលី មរណៈ បន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ជាក់ស្ដែងក្នុងខេត្តសៀមរាបមាន ចំនួន ៨ ពាន់ ៨២៩ នាក់ ដោយឡែកស្រុកវ៉ារិន មាន ចំនួន ៥៥១ នាក់ ដែលត្រូវបានអញ្ជើញចូលរួមក្នុងពិធី ពេលនេះ ។
មានប្រសាសន៏ក្នុងឱកាសនោះ ឯ.ឧ នាយឧត្តមសេនីយ៏ មាស សាវ៉ន បានពាំនាំនូវការសាកសួរ សុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន និង ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្តី អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេច និង ឯ.ឧ តែងតែគិតគូរដល់ សុខទុក្ខរបស់អតីតយុទ្ធជនរបស់យើងទូទាំងប្រទេសជាប្រចាំ ។ នេះសបញ្ជាក់ ឲ្យឃើញនូវការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះអតីតយុទ្ធជនយើងនិងក្រុមគ្រួសារ ព្រមទាំងសំដែងនូវការដឹង គុណចំពោះអតីតយុទ្ធជនកម្ពុជា យើង ដែលកន្លងមកបានយកអស់កំលាំង កាយចិត្តនិងហ៊ានបូជាជីវិត ដើម្បីបុព្វហេតុការពារជាតិ ការពារទឹកដី និងប្រជាជន មិនឲ្យសត្រូវចូល រំលោភ និង ឈ្លានពាន បូរណភាពទឹកដី ព្រមទាំងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពសង្គមដើម្បី ប្រជាជន បានរស់នៅក្នុងសុខ សន្តិភាព រហូតមកដល់ពេលនេះ ។ ឯ.ឧ មាស សាវ៉ន បានបន្តទៀតថា៖ បន្ទាប់ពីបានបញ្ចប់ភារកិច្ចការពារជាតិនិង មាតុភូមិរួចមក យុទ្ធជនរបស់យើង ខ្លះរស់នៅមានជីវភាព លំបាក , យុទ្ធជនខ្លះត្រូវបាត់បង់សមត្ថភាព ធ្វើពលកម្ម ហើយខ្លះទៀតមានទទួល នូវការពិការជាដើម ។ ឯ.ឧ មាស សាវ៉ន បានបន្ថែមឲ្យដឹងទៀត ថា ៖ សមាគមអតីតយុទ្ធជន យើងបានបង្កើតឡើងចាប់ តាំងពីបានប្រារព្ធមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសលើកទី ២ មក សមាគម យើងបានជួបនូវបញ្ហាប្រឈមជាច្រើន ពិសេសការអនុវត្តនូវគោលនយោបាយ ចំពោះអតីតយុទ្ធជន ដែលជួបការលំបាកក្នុងជីវភាព និង ការ អនុវត្តនូវការចំណាយ បេឡាសង្គ្រោះ និងជួយដល់អតីត យុទ្ធជននិងគ្រួសារដែលបានទទួល មរណៈ ភាព ឬ ពិការជាដើម ។ តែទោះជាយ៉ាងណាក៏សមាគមនៅ តែខិតខំប្រមូលថវិកាពីសមាជិក និងអំពាវ នាវ ដល់សប្បុរសជនក្នុងនិងក្រៅប្រទេស មកបង្កើនជួយ ដល់សមាគមថែមមួយកំរិតទៀតផងដែរ ។
ក្នុងឱកាសនោះប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ក៏បានបំពាក់មេដាយការពារជាតិជូន អតីតយុទ្ធជននៅស្រុកវ៉ារិន ខេត្តសៀមរាប ទាំង ៥៥១ នាក់ ព្រមទាំង នាំយកអំណោយរបស់សមាគម
ជូនដល់អតីតយុទ្ធជន ដោយក្នុងម្នាក់ទទួលបាន ថវិការ ៥ ម៉ឺនរៀល ៕