ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជិត៤ពាន់នាក់នៅក្នុងឃុំស្រណាល និងឃុំរោងគោ ស្ថិតនៅស្រុកក្រឡាញ់ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប បានថ្លែងអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដោយកុំជឿតាមការញុះញង់របស់បុគ្គលណាម្នាក់ដែលបានអំពាវនាវមិនឱ្យទៅបោះឆ្នោតឱ្យសោះ ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំក៍បានមានប្រសាសន៍ថាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានកំពុងធ្វើដំណើរយ៉ាងស្វាហាប់លើមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនខាងសេដ្ឋកិច្ច និងសង្គម ហើយជានិច្ចកាលថ្នាក់ដឹកនាំទាំងអស់មិនភ្លេចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែផ្តាំផ្ញើសួរសុខទុក្ខគ្រប់ពេលវេលាដែលរូបឯកឧត្តម ក៏ដូចជាថ្នាក់ដឹកនាំដទៃៗទៀតចុះមកជួបផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍បានពន្យល់ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយល់អំពីអ្វីដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរំដោះនិងអភិវឌ្ឍប្រទេសជាតិ តាំងពីបាតដៃទទេរពីគំនរផេះផង់ ពីក្នុងរបបខ្មែរក្រហម ហើយបាន រីកចម្រើនលូតលាស់គួរឱ្យស្មានមិនដល់ដូចសព្វថ្ងៃដែលអ្វីៗទាំងអស់នេះគឺដើម្បីតែប្រជាជននិងប្រទេសជាតិ ដែលជាឆន្ទៈប្តូរផ្តាច់របស់ប្រមុខរាជរដ្ឋាភិបាលយើង។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារសន្តិភាព ដែលបានកសាងមកទាំងលំបាក និងការពារនូវអ្វីដែលជាសមិទ្ធផលរបស់សង្គមជាតិ ដែលបានកសាងរួមគ្នា ខណៈរាជរដ្ឋាភិបាល នឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗជាច្រើនផងដែរ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍បានមានប្រសាសន៍ ថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ/ឃុំទាំងអស់ ដែលតែងតែគាំទ្រ និងបានបោះឆ្នោតជូនប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ខ្ពស់ចំពោះ សុខ ទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា រួមគ្នាការពារ ថែរក្សាសន្តិភាព ពង្រឹងឯកភាពជាតិ និងរួមគ្នាថែរក្សាសមិទ្ធផលជាតិទាំងឡាយឲ្យបានគង់វង្ស ស្ថិតស្ថេរ ដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នា ទាំងជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ខែកក្កដាឆ្នាំ ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍ ។ នៅក្នុងការចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនាពេលនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត ព្រមទាំងក្រុមការងារខេត្តចុះជួយឃុំ និង អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានចូលរួមផងដែរ ៕