សៀមរាប÷ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះធម្មានុរក្សញាណ ស៊ុម ពិសិទ្ធិ ព្រះរាជាគណកិត្តិយស ព្រះសមុហ៍គណខេត្តសៀមរាប និងជាព្រះគ្រូចៅអធីកាវត្តប្រាសាទច័ន្ទរង្សី(វត្តគោកចាន់)បាននិមន្តដឹកនាំព្រះគ្រូចៅអធិការវត្តនានាក្នុងខេត្តសៀមរាប ព្រមទាំងពុទ្ធបរិស័ទ បានយកកូនឈើចម្រុះចំនួន២០០ដើមទៅដាំនៅក្នុងបរិវេណវត្តមហាអម្ពវ័ន្ត(ហៅវត្តកំបោអរ)ដែលស្ថិតនៅក្នុងស្រុកជីក្រែងនិងព្រមទាំងបាននាំយកនូវកន្ទេលចំនួន២០ដុំទៅជូនដល់មនណ្ឌលសុខភាពខ្វាវ ដែលស្ថិតនៅក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាបផងដែរ ។ ព្រះគ្រូវិចិត្រវង្សា ញាតិធម្មោ ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានសង្ឃដីកាឱ្យដឹងថាធនធានធម្មជាតិមានសារៈសំខាន់សំរាប់ជីវិតរបស់មនុស្សសត្វទាំងអស់នៅលើពិភពលោកទាំងមូលពីព្រោះធនធានធម្មជាតិបានផ្តល់នូវផលប្រយោជន៍ជាច្រើនដល់មនុស្សសត្វដូចជាជំរក ចំណីអាហារ និងខ្យល់អុកស៊ីសែនជាដើម។ ជាពិសេសធនធានធម្មជាតិអាចស្រូបយកទឹកភ្លៀង ការពារខ្យល់ព្យុះ ផ្តល់ជាខ្យល់ដងើ្ហម និងការពារមិនឱ្យកើតមានភាពរាំងស្ងួតនៅលើភពផែនដីនេះផងដែរ។ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចកក៍បានមានសង្ឃដីកាឱ្យដឹងបន្ថែមទៀតថាការចូលរួមដាំកូនឈើរបស់ព្រះសង្ឃនិងពុទ្ធបរិស័ទនាពេលនេះគឺជាគំរូដ៏ល្អទៅដល់យុវជនដល់កុមារដល់ប្រជាពលរដ្ឋ និងសាធារណជនឱ្យចេះឈឺឆ្អាលអំពីបញ្ហាព្រៃឈើ បញ្ហាធនធានធម្មជាតិ ជាពិសេសឱ្យចេះស្រលាញ់ ហើយចូលរួមអភិរក្ស និងលើកកម្ពស់កិច្ចការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។ ហើយព្រះអង្គពិតជាមានអារម្មណ៍សប្បាយចិត្តដែលបានចូលរូមចំណែកដាំកូនឈើនៅទីនោះហើយ ណាមួយយើងអាចជួយសង្គ្រោះធនធានធម្មជាតិដែលបានបាត់បង់ទៅ ដោយងាកមកដាំឡើងវិញដើម្បីឱ្យមានធនធានធម្មជាតិឡើងវិញនៅកម្ពុជា តាមរយៈការចូលរួមចំណែកដាំដើមឈើបន្តិចបន្តួចតាមដែលអាចធ្វើទៅបាន។ ព្រះអង្គក៍បានអំពាវនាវ សុំឱ្យពុទ្ធបរិស័ទនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការចូលរួមបណ្តុះគំនិត ចេះស្រឡាញ់ធម្មជាតិ និងចូលរួមដាំដើមឈើបន្ថែមទៀតដើម្បីបានរួមចំណែកការពារធនធានធម្មជាតិពីការបម្រែបម្រួលអាកាសធាតុ និងចូលរួមទប់ស្កាត់ការកើនឡើងនូវកម្តៅផែនដីដែលបច្ចុប្បន្ននេះអាកាសធាតុប្រែប្រួលមិនទៀងទាត់ដោយសារការបាត់បង់នូវធនធានធម្មជាតិជាច្រើនផងដែរ ។ ឆ្លៀតក្នុងឱកាសនោះដែរ ព្រះគ្រូ ចៅអធិការវត្តទាំងអស់ព្រមទាំងពុទ្ធបរិស័ទដែលជាសប្បុរសជនក៍បាននិមន្តនិងអញ្ជើញនាំយកនូវកន្ទេលចំនួន២០ដុំទៅប្រគល់ដល់មណ្ឌលសុខភាពខ្វាវ ដើម្បីទុកសម្រាប់ប្រើប្រាស់ចាំបាច់នៅក្នុងមណ្ឌលសុខភាពផងដែរ ៕