កុមារាសិស្សសាលាម្នាក់ ត្រូវបានរថយន្តដឹកទឹកកកបុកស្លាប់ ខណៈកំពុងជិះកង់ចេញពីសាលាទៅផ្ទះវិញ

កុមារាជាសិស្សសាលាម្នាក់ ត្រូវបានរថយន្តដឹកទឹកកកមួយគ្រឿងបុកបណ្ដាលឲ្យស្លាប់ ខណៈដែលកុមារាខាងលើកំពុងជិះកង់ចេញពីរៀនត្រឡប់ទៅផ្ទះវិញ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងភ្លើងស្តុកវត្តដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។

បើតាមមន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់ផ្លាកលេខ ២AE.៨៤៧៧ ជារថយន្តដឹកទឹកកករបស់ក្រុមហ៊ុន អុីវ៉ា បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រួមនឹងអ្នករួមដំណើរម្នាក់ទៀតដែលជាព្រូឡាន ឈ្មោះ ជ័យ ជៀន ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបណ្តោះអាសន្នភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប។ ពេលកើតហេតុរថយន្តខាងលើបានធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ បានកៀកង់មួយគ្រឿង ពណ៍ទឹកប្រាក់ ជិះដោយ ឈ្មោះ ជា ឌីវីម៉ីរ៉ាលដាវីដ ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិវត្ដស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យដួលចូលក្រោមរថយន្តកិនស្លាប់តែម្ដង។

មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងទៀត ក្រោយកើតហេតុអ្នកបើករថយន្តបង្ករបានរត់គេចខ្លួនបាត់។ ចំពោះមូលហេតុដែលបានបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីរថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នវត្ថុតាំងរួមមានរថយន្តបង្ករ និងកង់ ត្រូវបានជំនាញកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ និងស្វែងរកជនបង្ករ ដើម្បីដោះស្រាយបន្ត។ ចំនែកឯសពជនរងគ្រោះត្រូវបានប្រគល់ជុនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ និងរូបភាព៖ លោក អ៊ុន ណារាជ្យ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *