សម្តេច តេជោ ហ៊ុន សែន ចង់ដឹងពីចំនួនអ្នកដែលត្រូវបុរីរឹបអូសផ្ទះ

តើអ្នកដែលត្រូវគេរឹបអូសផ្ទះមានប៉ុន្មាននាក់? តើបុរីណាខ្លះដែលរឹបអូស?
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចោទជាសំណួរបែបនេះ នាអំឡុងពេលនៃពិធី ជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ជិត២០០០០ នាក់នៅខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

ការរឹបអូសផ្ទះ ជាពិសេសអតិថិជនដែលបានបង់មួយចំនួនហើយ ត្រូវបានសម្តេច ហ៊ុន សែន លើកឡើងថា ជាករណីមិនត្រឹមត្រូវ ដោយសម្តេចស្នើឱ្យរៀបចំឥណទានឡើងវិញ រវាងម្ចាស់បុរី ជាមួយនឹងអ្នកទិញ។ «ជាផ្នែកមួយនៃយុត្តិធម៌សង្គម»។ សម្តេច បានបញ្ជាក់យ៉ាងដូច្នេះ ដោយបញ្ជាឱ្យលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រៀបចំបញ្ជីឈ្មោះអ្នកដែលត្រូវបុរីរឹបអូសផ្ទះ។

ដោយសារតែអាជ្ញាធរមិនអាចកត់ត្រា និងដឹងពីចំនួនជាក់ស្តែង ប្រមុខរដ្ឋាភិបាលស្នើឱ្យពលរដ្ឋដែលត្រូវបានបុរីរឹបអូសផ្ទះ ទៅរាយការណ៍នៅ CDC។ សម្តេចបន្ថែមថា អ្នកខ្លះបង់បាន៥ម៉ឺនដុល្លារលើតម្លៃផ្ទះ១០ម៉ឺនដុល្លារ ហើយបែរជាត្រូវម្ចាស់បុរីរឹបអូស វាជារឿងអយុត្តិធម៌ ដែលសម្តេចត្រូវយកខ្លួនមកពាំង។
 
«ធ្វើបុណ្យជាតិនេះ កុំចាំជាតិក្រោយ»។ សម្តេចបាននិយាយបែបនេះ សំដៅទៅកាន់បណ្តាឧកញ៉ា ជាពិសេសម្ចាស់បុរី ឱ្យមានការយោគយល់ដល់អតិថិជន តាមរយៈការរៀបចំឥណទានឡើងវិញ៕ 

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *