យខេត្តក្រចេះ៖ ទីតាំងល្បែងជល់មាន់អនឡាញជាច្រើនកន្លែង ស្ថិតក្នុងស្រុកឆ្លូង ខេត្តក្រចេះ កំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ប៉ុន្តែគ្មានសមត្ថកិច្ចណាមួយ ហ៊ានធ្វើការបង្ក្រាបឡើយ ហាក់បណ្តែតបណ្តោយឱ្យលេងបានយ៉ាងរលូន។
ដោយមានសេចក្តីរាយការណ៍ពីពលរដ្ឋថា នៅចំនុចគល់ស្ពានពង្រ ឃុំហាន់ជ័យ និងមានទីតាំងជាច្រើនកន្លែងទៀត ស្ថិតក្នុងភូមិសាស្ត្រស្រុកឆ្លូង បាននឹងកំពុងបើកល្បែងស៊ីសង ភ្នល់មាន់ជល់អនឡាញ ជាក់ស្តែងក្រុមការងារអ្នកសារព័ត៌មានយើងខ្ញុំបានផ្តិតយករូបភាពនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ក៏ឃើញដូចអ្វីដែលសេចក្តីរាយការណ៍ពិតប្រាកដមែន។
រីឯលោក ឆុង តូរ៉ាន់ អធិការរដ្ឋានស្រុកឆ្លូង ទោះបីជាទទួលបានសេចក្តីរាយការណ៍ជូនពីប្រជាពលរដ្ឋយ៉ាងណាក្តី ប៉ុន្តែលោកហាក់ធ្វើព្រងើយមិនរវល់អើពើក្នុងការបង្ក្រាបដើម្បីលុបបំបាត់ល្បែងស៊ីសងទាំងអស់នេះបន្តិចសោះឡើយ ដោយទង្វើនេះ គឺផ្ទុយពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ទាំងអស់នេះសរបញ្ជាក់ឱ្យឃើញថា ប្រហែលជាមានការឃុបឃិតគ្នាបើកដៃឱ្យក្រុមញៀនល្បែងស៊ីសងលេងបានដោយសេរីបែបនេះគឺដើម្បីតែលាភសក្ការ:រៀងៗខ្លួនហើយមើលទៅ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឱ្យមន្ត្រីនគរបាលពាក់ព័ន្ធទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដោយមិនមានការយោគយល់ឡើយ ដើម្បីធានាសុខសុវត្ថិភាពជួនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។
លេីសពីនេះទៅទៀត កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានចេញលិខិតបង្គាប់ការមួយបញ្ជាឱ្យ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំក្រុមការងារសហការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបែរជាហ៊ានផ្គេីននឹងបទបញ្ជាសម្តេច ស ខេង ទៅវិញ។
ហេតុនេះសូមលោក អ៊ូ សុប៊ុណ្ណា ស្នងការខេត្តក្រចេះ ពិនិត្យឡើងវិញចំពោះភាពអសកម្ម របស់លោក ឆុង តូរ៉ាន់ អធិការស្រុកឆ្លូង ដែលបណ្តែតបណ្តោយឱ្យមានល្បែងតាមអនឡាញ ភ្នាល់ដាក់លុយសុីសងខុសច្បាប់ក្នុងដែនដីរបស់ខ្លួន។
ប្រជាពលរដ្ឋ បានអំពាវនាវដល់លោកស្នងការនគរបាលខេត្ត សូមជួយចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យ ទប់ស្កាត់ និងបង្ក្រាបទៅលើទីតាំងខាងលើនេះផង ដែលហ៊ានបេីកល្បែងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ៕