សម្ដេចស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានណែនាំឱ្យអាជ្ញាធរខិតខំដោះស្រាយបញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើងនិន្នាការនយោបាយប្រកបដោយយុត្តិធម៌ និងសុចរិតភាព។
ថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា ឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តបឹងដោល ស្ថិតក្នុងភូមិបឹងដោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សង្គម ព្រោះថា មានសន្តិភាព ទើបមានការអភិវឌ្ឍនិងមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ សម្ដេចក្រឡាហោមបានលើកឡើងថាអាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពនិងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនស្របតាមពាក្យស្លោករបស់សម្តេចនាយករដ្ឋមន្ត្រី«ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។ ជាមួយគ្នានោះដែរសម្ដេចស ខេងបានលើកទឹកចិត្តឱ្យជំរុញសកម្មភាពត្រួតពិនិត្យនិងផ្សព្វផ្សាយអប់រំដល់យុវជនអំពីការជួញដូរ និងប្រើប្រាស់គ្រឿងញៀនតាមគោលការណ៍ «បីកុំមួយរាយការណ៍» ហើយប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើជួញ ដូរមនុស្សគ្រប់ទម្រង់ ដើម្បីលើកស្ទួយសិទ្ធិមនុស្ស ដោយសហការយ៉ាងមានប្រសិទ្ធភាពជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា៖ «ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តន៍ឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយបញ្ហាប្រឈមនិងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើងនិន្នាការនយោបាយប្រកបដោយយុត្តិធម៌និងសុចរិតភាព»។ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏បានណែនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានចូលរួមផ្ដល់ការគាំទ្រដល់ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពតាមរយៈការគាំទ្រដល់តួអង្គសំខាន់ទាំង៥ គឺទី១.មេឃុំ ចៅសង្កាត់ ទី២.ស្មៀនឃុំ សង្កាត់ ទី៣.នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលឃុំ សង្កាត់ ទី៤. ថ្នាក់ដឹកនាំភូមិពិសេសគឺមេភូមិ ទី៥.មណ្ឌលសុខភាពឃុំសង្កាត់។សម្ដេចស ខេងក៏បានសង្កត់ធ្ងន់ថាការងារនេះរួមចំណែកសំខាន់ណាស់ដល់ការយកជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិតិកាលទី៧នាពេលខាងមុខ ពីព្រោះ តួអង្គទាំង៥នេះ ជាយន្តការនិងជាអ្នកដែលនៅកៀកប្រជាពលរដ្ឋ ផ្សារភ្ជាប់ជីវភាពប្រជាពលរដ្ឋ។ មានន័យថាពលរដ្ឋស្រឡាញ់ ឬស្អប់គណបក្សគឺលើប្រសិទ្ធភាពនៃយន្តការនិងលទ្ធផលការងាររបស់តួអង្គទាំង៥នេះហើយ៕AKP