ខេត្តសៀមរាប៖ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្ត្រីតាមវិស័យក្រោមឱវាទមន្ទីរកសិកម្ម ព្រមទាំងអង្គការដៃគូនានាក្នុងខេត្តសៀមរាបទាំងអស់ ត្រូវសហការគ្នាឲ្យបានល្អ ដើម្បីជំរុញផលិតកម្មកសិកម្មតាមរយៈបច្ចេកទេស ដោយគួរណែនាំដល់ប្រជាកសិករឱ្យយកចិត្តទុកដាក់សិក្សាពីការផលិតនិងខ្សែច្រវាក់តម្លៃទីផ្សារ និងត្រូវមានផែនការផលិតច្បាស់លាស់ ជំរុញការធ្វើស្រូវនិងដាំបន្លែ និងថែរក្សាទីផ្សាឱ្យបានគត់មត់។
ថ្លែងក្នុងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍គន្លឺះមួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅស្ថានីយ៍កសិកម្មទឹកវិលខេត្ត នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា បានបញញជាក់ថា ចំពោះបណ្តុំអាជីវកម្មបន្លែ គឺចាំបាច់ត្រូវសិក្សាឱ្យច្បាស់លាស់ពីខ្សែច្រវាក់នៃការផ្គត់ផ្គង់និងទីផ្សារ ត្រូវមានការសហការគ្នាល្អ បង្កើតបណ្តាញតាំងពីអ្នកផលិតរហូតទីផ្សារ និងការចូលរួមរបស់មន្ទីរក្នុងការសម្របសម្រួលរវាងអ្នកទិញនិងកសិករឱ្យមានដំណើរការរលូន។ ជាមួយគ្នានេះដែរ បណ្តុំអាជីវកម្មបន្លែអាចពិចារណានិងពិនិត្យលទ្ធភាពការដាំបន្លែក្នុងផ្ទះសំណាញ់ ដែលផ្តល់ទិន្នផលខ្ពស់ ផ្តល់សុខភាព មានសុវត្ថិភាព និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ឯកឧត្តម ឌិត ទីណា មានប្រសាសន៍ទៀតថា បច្ចុប្បន្នកម្ពុជា បានកែប្រែខ្សែច្រវ៉ាក់ផលិតពីការពង្រីកផលិតកម្ម ទៅជាកសិកម្មស៊ីជម្រៅតាមរយៈ ការប្រើប្រាស់ដីឱ្យបានសមស្រប ការប្រើប្រាស់ជីតាមលក្ខណៈបច្ចេកទេស ដើម្បីផលិតភាពខ្ពស់ គុណភាពល្អ តម្លៃល្អ និងងាយប្រកួតប្រជែង ដែលទាមទារឱ្យមានការតាមដានតម្លៃទីផ្សារ ព្រោះថាបើជំរុញតែការផលិតឱ្យតែបានច្រើន តែមិនបានសិក្សាពីតម្លៃទីផ្សារ វានាំឱ្យខាតបង់កម្លាំងផលិតនិងដើមទុន។ឯកឧត្តម ឌិត ទីណា មានប្រសាសន៍នែនាំដល់មន្ត្រីព្រៃឈើនិងមន្ត្រីជលផល ឱ្យប្តូរសកម្មភាពពីការបង្រ្កាបបទល្មើសជាក់ស្តែង ទៅជា ការតាមដានស៊ើបអង្កេតវីញទើបមានប្រសិទ្ឋភាពជាង។
សូមជម្រាបថា បើតាម លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា សម្រាប់ការងារកសិកម្មក្នុងខេត្តឆ្នាំ២០២៣ គិតត្រឹមខែឧសភានេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តែយ៉ាងណាក៏ដោយវិស័យកសិកម្មក្នុងខេត្តនៅជួបបញ្ហាប្រឈមមួយចំនួន ដូចជាប្រព័ន្ឋធារាសាស្ត្រមិនទាន់គ្រប់គ្រាន់ស្របតាមតម្រូវការប្រើប្រាស់ កង្វះកម្លាំងពលកម្មនិងតម្លៃពលកម្មកើនឡើង ពុំមានការវិនិយោគកែច្នៃចំណីសត្វតម្លៃទាប ខ្វះឧបករណ៍កែច្នៃផលិតចំណីសត្វ។ ជាមួយគ្នានោះ លោកបានអះអាងថា នឹងបន្តខិតខំសិក្សាស្រាវជ្រាវបញ្ចូលសម្ភារៈ ឧបករណ៍កែច្នៃសមស្របទៅនឹងផលិតកម្មកសិកម្មដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់កម្លាំងពលកម្ម និងកាត់បន្ថយតម្លៃដើមផលិត និងជំរុញដល់កសិករតាមរយៈបង្គុំបច្ចេកទេសនិងកសិកម្មល្អ រួមបញ្ចូលសម្ភារៈប្រព័ន្ឋស្រោចស្រព ដើម្បីផលិតផលមានសុវត្ថិភាព និងសមស្របតាមតម្រូវការទីផ្សារ ព្រមទាំងនឹងជំរុញកសិករឱ្យក្លាយជាកសិករធុរៈកិច្ចនិងទំនើបស្របតាមការវីវឌ្ឍសកល ព្រមទាំងគាំទ្រនិងលើកទឹកចិត្តវិស័យឯកជនផលិតចំណីសត្វដែលមានតម្លៃទាប។ល៕
(ប្រភពពីមន្ទីរព័ត៌មានខេត្ដសៀមរាប)