សៀមរាប៖ ប្រជាកសិករពីរភូមិក្នុងឃុំក្រឡាញ់ ស្នើសុំថ្នាក់លើ ដកសិទ្ធិគ្រប់គ្រងប្រឡាយទឹករដ្ឋ ផ្តាច់មុខ ពីលោក គីម ធន់ មកដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដើម្បីអោយពួកគាត់ប្រើប្រាស់បានទាន់ពេលវេលា។
ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិចំនួនពីរ នៃឃុំក្រឡាញ់បានធ្វើលិខិតស្នើសុំបង្កើតសហគម ដាក់ម៉ាស៊ីនបូមទឹក នៅលើទីតាំងអូរធំព្រំប្រទល់ភូមិកោះក្របៅ និងភូមិសំពៅលូន ដើម្បីបូមទឹកយកពីស្ទឹង មកប្រើប្រាស់ស្រោចស្រពស្រែប្រាំង របស់ប្រជាកសិករដែលមានដីទំហំប្រមាណ ១២៥ ហិកតា នៅភូមិកោះក្របៅ និងភូមិសំពៅលូន នៃឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បន្ទាប់ពីបានដាក់លិខិតស្នើរសុំបង្កើតសហគមន៍ ដាក់ម៉ាស៊ីនបូមទឹកនៅលើទីតាំងអូរធំ នៅរដ្ឋបាលស្រុកក្រឡាញ់ ច្រើនខែមក មិនមានដំណោះស្រាយជូនពួកគាត់ ទើបពួកគាត់ទទូចស្នើរសុំអោយថ្នាក់លើ ជួយដោះស្រាយអំពីទុក្ខកង្វល់របស់ពួកគាត់ពេលនេះផង។
តំណាងប្រជាពលរដ្ឋក្នុងពីរភូមិ បានរៀបរាប់ថា ច្រើនឆ្នាំកន្លងមកប្រជាកសិករធ្វើស្រែប្រាំង ដោយទិញទឹកស្រោចស្រពពីរម្ចាស់ទឹកឯកជន ត្រូវបានជួបបញ្ហាប្រឈម យ៉ាងច្រើនដូចជា បូមទឹកដាក់ស្រែប្រាំងមិនគ្រប់គ្រាន់ និងទាន់ពេលវេលាតាមតម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ ជាហេតុ ធ្វើអោយស្រូវថយទិន្នផលយ៉ាងខ្លាំង និងខាតបង់ប្រាក់ដើមយ៉ាងច្រើនជារៀងរាល់ឆ្នាំ។
ពួកគាត់ទទូចស្នើសុំទៅថ្នាក់លើ មេត្តាដកសិទ្ធ ពីលោក គិម ធន់ ដែលកំពុងគ្រប់គ្រងផ្តាច់មុខ នៅប្រឡាយទឹករបស់រដ្ឋ អោយមកជាប្រឡាយទឹកឯកជនរបស់រដ្ឋ ដើម្បីផ្តល់សិទ្ធិអោយប្រជាពលរដ្ឋ អាចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការបូមទឹកដាក់ស្រែប្រាំងបានគ្រប់គ្រាន់ និងទាន់ពេលវេលាតាមតម្រូវការលូតលាស់តាមអាយុកាលរបស់ស្រូវ។
សូមជម្រាបជួនផងដែរថា៖ រដ្ឋបាលស្រុកក្រឡាញ់ បានឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យ លោក គិម ធន់ ធ្វើការស្តារអូរ-ប្រឡាយចាស់ចំនួន ០១កន្លែង ប្រវែងចំនួន ២,៥០០ម៉ែត្រ និងដាក់លូ ចំនួន ០៣ កន្លែង សម្រាប់ឆ្លងកាត់ ដែលមានទីតាំងស្ថិតនៅភូមិសំពៅលូន និងភូមិកោះក្របៅ ឃុំក្រឡាញ ដើម្បីបានបងប្អូនប្រជាពលរដ្ឋ ទប់ទឹកសម្រាប់ធ្វើស្រែប្រាំង និងពេលរដូវវស្សាកាណូត ឬ ទូក, អាចបើកបរឆ្លង កាត់បាន។ ជាមួយគ្នានេះដែរ ដើម្បីឲ្យការស្ដារអូរ-ប្រឡាយចាស់ និងដាក់លូ បានប្រព្រឹត្តទៅមានភាពរលូន និងមិនខុសលក្ខណៈបច្ចេកទេស ខ្ញុំសូមលោកធ្វើការសហការជាមួយអាជ្ញាធរឃុំ ការិយាល័យធនធានទឹក និងឧតុនិយមស្រុក និងបងប្អូនប្រជាពលរដ្ឋដែលមានផ្ទៃដីស្រែនៅជាប់អូរ-ប្រឡាយចាស់ ឲ្យចូលរួមសហការ កុំខាន។
បើតទោះជា ទទួលបានការអនុញ្ញាតពីអាជ្ញាធរស្រុកក្រឡាញ់បែបនេះក្តី ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់នៅតែមិនទទួលបានទឹកសម្រាប់ធ្វើស្រែប្រាំងតាមតម្រូវការរបស់ពួកគាត់ឡើយ។
ទាក់ទងការស្នើសុំរបស់ប្រជាពលរដ្ឋនេះ អ្នកយកព័ត៌មាន នៅមិនទាន់អាចទាក់ទងលោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ដើម្បីសុំការពន្យល់បានទេ៕