ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបបានរកឃើញ ការកាប់ទន្រ្ទានឈូសឆាយដីព្រៃ ប្រមាណ៦ហិកតា ស្ថិតនៅក្នុងក្រុមហ៊ុន ដីសម្បទានសេដ្ចកិច្ចសិរីមុនី។
ការរកឃើញធ្វើឡើង នៅថ្ងៃពុធនេះ ដឹកនាំ ដោយលោក ហែម ពុទ្ឋី នាយករងរដ្ឋបាលខេត្តសៀមរាប និងដោយមានការចូលរួម ពីក្រុមការងារតំណាងមន្ទីរបរិស្ថាន មន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដី និងអាជ្ញាធរ ឃុំកន្ទួត អាជ្ញាធរស្រុកស្វាយលើ កងរាជអាវុធហត្ថស្រុក កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទួត រដ្ឋបាលព្រៃឈើបន្ទាយស្រីមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សរុបប្រមាណចំនួន ២១នាក់។
លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានបញ្ជាក់ថា មន្ត្រីខាងលើបានចូលរួមចុះពិនិត្យទីតាំងដី ដែលបានឈូសឆាយ ក្នុងតំបន់ការពារត្រង់ចំណុចខាងកើតត្រពាំងបាញ់ខ្លា ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
លោក ម៉ុង ប៊ុនលីម បន្តថាក្រុមការងារបានចុះពិនិត្យស្ថានភាពទីតាំងដីជាក់ស្តែងឃើញថា ទីតាំងដីខាងលើនេះ ត្រូវបានកាប់ទន្រ្ទានឈូសឆាយដីព្រៃប្រមាណ៦ហិកតា ស្ថិតនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ចកិច្ចសិរីមុនី។ ក្នុងនោះ ក្រុមការងារបានចុះកំណត់ព្រំប្រទល់និយាមការ សម្រាប់រៀបចំធ្វើផែនទីដី ឲ្យបានច្បាស់លាស់ ដើម្បីរៀបចំរបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចផងដែរ៕