ចែកអំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤២គ្រួសារ នៅស្រុកអង្គរជុំ

សៀមរាប៖ ឯកឧត្តមវេជ្ជ បណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់
កន្ត្រាក់កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ចំនួន៤២គ្រួសារ(រលំ២- របើក៤០) មកពី៣ឃុំ នៃស្រុកអង្គរជុំរួមមាន៖
១- ឃុំ គោកដូង ចំនួន ១១ គ្រួសារ
២- ឃុំ ស្រែខ្វាវ ចំនួន ១៣ គ្រួសារ
៣-ឃុំតាសោម ចំនួន ១៨ គ្រួសារ
ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅសាលាស្រុកអង្គរជុំ នារសៀលថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៣។
មានប្រសាសន៍នាឱកាសនោះឯកឧត្តមវេជ្ជ បណ្ឌិត ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមវេជ្ជ បណ្ឌិត បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយ ឯកឧត្តមវេជ្ជ បណ្ឌិត បន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ឯកឧត្តមវេជ្ជ បណ្ឌិតបានមានប្រសាសន៍ថាយើងរស់នៅក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល យើងទាំងអស់គ្នាត្រូវថែរក្សាសន្តិភាព និងសូមទៅពិនិត្យមើលបញ្ជីឈ្មោះបោះឆ្នោតទាំងអស់គ្នា ហើយសូមបងប្អូនចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខនេះ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖
– គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *