ព្រះសីហនុ÷
ក្នុងឱកាសនៃពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងពីតួនាទីយ៉ាងសំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបាននិងកំពុងរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវបរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ ជាក់ស្ដែង បរិមាណទំនិញឆ្លងកាត់នៅឆ្នាំ២០២២ មានចំនួនប្រមាណ ៧លានតោន កើនឡើង ០,១៨% និងចំណូលសរុបមានចំនួនប្រមាណ ៣៤៤ប៊ីលានរៀល (ប្រមាណ ៨៤លានដុល្លារ អាមេរិក) កើនឡើង ០,៤១% បើធៀបនឹងឆ្នាំ២០២១។
ពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មី គឺជាការអភិវឌ្ឍបន្ថែមទៀត ដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដែលរួមមាន៖
១. ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ (គម្រោងសាងសង់ចំនួន ១៨ខែ) នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប ដែលអាចជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ)។
២. ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT (ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។
៣. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។
៤. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ (គម្រោងសាងសង់ចំនួន ៤២ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។
គម្រោងទាំង៣នេះ នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក។
ដោយផ្អែកតាមការសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង៣ជំហាននេះ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច(Feeder Port) ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ(Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវ ដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។ គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច(EIRR) ប្រមាណ ២៣,៣% និងផលប្រយោជន៍ហិរញ្ញវត្ថុ(FIRR) ប្រមាណ ៧,៧% ផងដែរ។
ទន្ទឹមនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគោរពសុំការអនុញ្ញាតពី សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីថ្លែងអំណរគុណតាមរយៈ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលបានផ្តល់ឥណទានសម្បទាន ជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ជាច្រើនដល់ការអភិវឌ្ឍនៅកម្ពុជា។
ជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរតាំងពីដើមរៀងមក ឆ្នាំ២០២៣នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន (១៩៥៣-២០២៣) ដែលតាមរយៈទំនាក់ទំនងការទូត និងមិត្តភាពដ៏រឹងមាំនេះ បានជំរុញ និងប្រែក្លាយចំណងការទូតរវាងប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំ២០២៣នេះ ដែលនឹងផ្តល់នូវផ្លែផ្កាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងច្រើនដល់ ប្រជាជននៃប្រទេសទាំងពីរ។