តុលាការខេត្តកំពត សម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួក៩នាក់ ករណីបោកលុយពលរដ្ឋជិត ៤០លានដុល្លារ

ខេត្តកំពត៖ ចៅក្រមស៉ើបសួរសាលាដំបូងខេត្តកំពត នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចឃុំខ្លួនឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធការបោកប្រាស់លុយប្រជាពលរដ្ឋជិត៤០លានដុល្លារ ដើម្បីឲ្យទិញដីឡូតិ៍របស់ខ្លួន។
សូមរំលឹកថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ លោកឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ត្រូវបានឃាត់ខ្លួនក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ចំនួន ២,៤៦១នាក់ ពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឲ្យប្រជាពលរដ្ឋលង់ខ្លួន ទៅខ្ចីលុយពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ខ្លួន ទៅទិញដីឡូតិ៍របស់ឧកញ៉ា ជា សារ៉ន។

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានចុះទៅសម្របសម្រួល និងដោះស្រាយករណី ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមានបញ្ហាដោយសារក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យា ធ្វើឲ្យពលរដ្ឋដែលជាអ្នកវិនិយោគ ភ្នាក់ងារលក់ និងអ្នកទិញដីឡូតិ៍ ពិសេសអ្នកទៅខ្ចីលុយធនាគារមកឲ្យក្រុមហ៊ុន ដើម្បីបានចំណេញប្រាក់ ធ្លាក់ខ្លួនជំពាក់បំណុលធនាគារដោះស្រាយមិនរួច៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *