តាមដានព័ត៌មាន @srpostnews ក្នុងTelegram
គោយន្តកន្ត្រៃ រាប់រយគ្រឿងសម្រុកដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ ចូលលក់ឲ្យ ក្រុមហ៊ុនស៊ីង បាយអូថេក
មានការលើកឡើងថាគោយន្តកន្ត្រៃ រាប់រយគ្រឿង សម្រុកចូលទៅក្នុងដែនជម្រកសត្វព្រៃឡង់ ចូលទៅដឹកឈើលក់អោយក្រុមហ៊ុន ស៊ីង បាយអូថេក ក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
កម្មភាព កាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ស្ថិតតំបន់ការពារដែនជម្រកសត្វ ព្រៃឡង់ កំពុងរងការគំរាមកំហែងពីសំណាក់ក្រុមឈ្មួញទុចរិតរកបទល្មើសព្រៃឈើដោយខុសច្បាប់ដឹកចូលក្រុមហ៊ុន ស៊ីង បាយអូថេក Think-Biotech;Co.ltd យ៉ាងគំហុកបែបនេះ ត្រូវបានគេសង្ស័យថា មានការឃុបឃិត ជាបណ្តាញជាមន្ត្រីអនុរក្សបរិស្ថាន ដែលមានភារកិច្ចគ្រប់គ្រង និងការពារតំបន់ព្រៃឡង់នេះតែម្តង។
ពលរដ្ឋថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ គេបានសង្កេតឃើញសកម្មភាពនៃការកាប់អាឈើចេញពីក្នុងព្រៃក្បែរស្នាក់ការបរិស្ថាន”ត្រពាំងសង្កែ” កើតមានយ៉ាងអាណាធិបតេយ្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក សាំង សុខន នាយកដែនជំរកសត្វព្រៃឡង់។ មិនតែប៉ុណ្ណោះ ក្រុមឈ្មួញបានគៀងគរ ប្រជាពលរដ្ឋ ឲ្យចូលកាប់ប្រភេទឈើឈ្លិក ចំណុចទីតាំងមួយចំនួនដូចជា(អូរកំបោរ ,កំបោរជ្រោង ,ចែម៉ែ ,ត្រពាំងទា និងត្រពាំងសង្កែរ ភូមិសាស្ត្រទាំងនេះ ស្ថិតទល់មុខស្នាក់ការបរិស្ថានត្រពាំងសង្កែរ ប្រហែលជា១គីឡូម៉ែត្រប៉ុណ្ណោះ ក្នុងស្រុកសំបូរ ខេត្តក្រចេះ)។
ប្រជាសហគមន៍ការពារព្រៃឡង់បានប្រាប់ឱ្យដឹងថា ពួកគាត់បានសង្កេតឃើញមានជំរុំជាច្រើនត្រូវបោះក្នុងតំបន់អូរកំបោរ ដែលនៅមិនឆ្ងាយពីស្នាក់ការរបស់មន្ត្រីបរិស្ថាន ដែនជម្រកព្រៃឡង់ ដោយពួកគេធ្វើសកម្មភាពអារផ្តូលរំលំដើមឈើធំពុះជ្រៀកជាជ្រុង រួចដឹកតាមគោយន្តកន្ត្រៃ ឬគោយន្តកែឆ្នៃផ្សេងទៀត ចូលទៅលក់ឱ្យក្រុមហ៊ុន ស៊ីង បាយអូថេក ដោយគ្មានច្បាប់អនុញាត្ត ហើយមន្ត្រីបរិស្ថានទាំងនេះគ្មានការទប់ស្កាត់ឡើយ។
ប្រជាសងគមន៍ បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសមន្ត្រីជាន់ខ្ពស់ថ្នាក់ក្រសួងមេត្តាជួយអន្តរាគមន៍ ទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់នេះផង បើពុំដូច្នេះទេ ព្រៃឡង់ នឹងត្រូវរលាហិនហោចអស់ជាក់ជាមិនខានឡើយ។
សកម្មជនការពារព្រៃឈើ បានឲ្យដឹងទៀតថា ក្រុមហ៊ុន ស៊ីង បាយអូថេក ដែលមានទីតាំងជាប់ព្រំប្រទល់ ជាមួយតំបន់ព្រៃឡង់ កំពុងតែមមាញឹកក្នុងការដឹកជញ្ជូនឈើចេញព្រៃការពារចូលទៅក្នុងក្រុមហ៊ុនរបស់ ខ្លួន ដោយកែនប្រជាពលរដ្ឋនៅតំបន់នោះចូលទៅកាប់ឈើ នៅក្នុងព្រៃអភិរក្សយកមកលក់ឲ្យខ្លួនក្នុង មួយ ម៉ែត្រគូប ៤០ទៅ៥០ម៉ឺនរៀល ដោយក្រុមហ៊ុន ស៊ីង បាយអូថេកនេះ បានលក់ឈើបន្តឱ្យក្រុមហ៊ុន អង្គរផ្លាយវូត ដែលជាក្រុមហ៊ុនធំនាំឈើចេញទៅលក់នៅក្រៅប្រទេស។
សៀមរាប ប៉ុស្តិ៍ នៅមិនៅមិនទាន់ទទួលបានការបំភ្លឺពីក្រុមហ៊ុន ស៊ីង បាយអូថេក នៅឡើយទេចំពោះការលើកឡើងនេះ៕