ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចាត់លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ចំនួន១៤១គ្រួសារ (រលំ១ខ្នង និងរបើកដំបូល១៤០ខ្នង) ក្នុងនោះ៖
១- ឃុំសង្វើយ ចំនួន ១ គ្រួសារ (របើកដំបូល១ខ្នង)
២- ឃុំអន្លង់សំណរ ចំនួន ៣ គ្រួសារ (របើកដំបូល៣ខ្នង)
៣- ឃុំគោកធ្លកលើ ចំនួន ៣ គ្រួសារ (របើកដំបូល៣ខ្នង)
៤- ឃុំល្វែងឫស្សី ចំនួន ៥ គ្រួសារ (រលំ១ខ្នង និងរបើកដំបូល៤ខ្នង)
៥- ឃុំជីក្រែង ចំនួន ៥ គ្រួសារ (របើកដំបូល៥ខ្នង)
៦- ឃុំពង្រក្រោម ចំនួន ១០ គ្រួសារ (របើកដំបូល១០ខ្នង)
៧- ឃុំស្ពានត្នោត ចំនួន ១២ គ្រួសារ (របើកដំបូល១២ខ្នង)
៨- ឃុំកំពង់ក្ដី ចំនួន ៣៧ គ្រួសារ (របើកដំបូល៣៧ខ្នង)
៩- ឃុំគោកធ្លកក្រោម ចំនួន ៤០ គ្រួសារ (របើកដំបូល៤០ខ្នង)
១០- ឃុំខ្វាវ ចំនួន ២៥ គ្រួសារ (របើកដំបូល២៥ខ្នង)
ពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះប្រារព្ធនៅភូមិវត្តក្របីរៀល ឃុំគោកធ្លកក្រោម ស្រុកជីក្រែង នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៣។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកជំទាវ បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនោះដែរ លោកជំទាវ បានអំពាវនាវ លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖
- គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។
- គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម ប៊ីចេង១០កញ្ចប់តូច អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល៕