សុខសន្តិភាព បាននាំឱ្យមានភាពរីកចម្រើន នាំឱ្យមានភាពរុងរឿង និងសប្បាយរីករាយ

ពិធីបើកព្រឹត្តិការសង្ក្រាន្តឆ្នាំថ្មី នៅវត្តព្រះខ័នសែន ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និងលោកជំទាវ ព្រមទាំង ឯកឧត្តម លោកជំទាវ ជានាយករង នាយទាហាន នាយទាហានរង គណៈកម្មការវត្ត លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ នៅព្រឹកថ្ងៃសុក្រ ៩ រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅក្នុង ភូមិស្នារតេជោ ឃុំបាល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ឯកឧត្តម ពៅ ស៊ា មានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរអាចរាប់ថា ជាជាតិសាសន៍ដ៏កម្សត់មួយ គឺប្រជាពលរដ្ឋបានរងទុក្ខវេទនាឥតគណនាដោយសារតែវិបត្តិនៃភ្លើងសង្គ្រាមទាំងសង្គ្រាមផ្ទៃក្នុង និងជាមួយប្រទេសជិតខាង។
វិបត្តិនៃសង្គ្រាមបាននាំឱ្យប្រជាពលរដ្ឋឈានទៅធ្លាក់ក្នុង អន្លង់ជីវិតនរកអវចីយនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន នួន ជា ស្គាល់តែទុក្ខវេទនា មិនដែលស្គាល់អ្វីទៅថា ភាពសប្បាយរីករាយ។

៧ មករា ឆ្នាំ១៩៧៩ ដ្បិតថា បានរំដោះជីវិតពលរដ្ឋខ្មែរចេញពីរបបដ៏សែនឃោរឃៅ មានសិទ្ធិសេរីភាពឡើងវិញ តែពលរដ្ឋខ្មែរនៅតែស្ថិតក្នុងទុក្ខវេទនា ព្រោះតែភាពក្រីក្រ និងគ្រោះអត់ឃ្លាន។ ជីវិតរបស់ប្រជាពលរដ្ឋខ្មែរ បានចាប់ផ្តើមមានកម្រើកឡើងជាមួយនឹងជីវភាពកាន់តែប្រសើរ នៅក្រោយពេលដែលភ្លើងសង្គ្រាមនៅកម្ពុជាបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។
រយៈពេលប្រមាណ២១ឆ្នាំមកនេះ បានផ្តល់ឱកាសពេញលេញដល់រាជរដ្ឋាភិបាលរៀបចំដាក់ចេញគោលនយោបាយក្នុងការស្តារអភិវឌ្ឍន៍ប្រទេស ទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុនបង្កើតការងារជូនប្រជាពលរដ្ឋ។ការជួបជុំ ប្រារពពិធី បុណ្យធំតូច ភាពសប្បាយរីករាយទាំងនេះ ប្រហែលមិនអាចកើតមានឡើយ ប្រសិនបើកម្ពុជាគ្មានសុខសន្តិភាព គ្មានស្ថេរភាពនយោបាយ។

និយាយជារួមមក «សុខសន្តិភាព» ដែលគ្របដណ្តប់លើដែនដីកម្ពុជា ក្នុងរយៈពេល២១ឆ្នាំមកនេះ ជាកត្តាដ៏សំខាន់បំផុតនាំមកនូវបម្រែបម្រួលជីវភាព បម្រែបម្រួលការរស់នៅ រស់នៅពោរពេញដោយភាពសប្បាយរីករាយ ដោយសេចក្តីសុខសាន្ត។ សូមអរគុណ សុខសន្តិភាព ដែលបាននាំឱ្យមានភាពរីកចម្រើន នាំឱ្យមានភាពរុងរឿង និងសប្បាយរីករាយ ក្រោមការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ឯកឧត្តម ពៅ ស៊ា បានប្រកាសបើកពិធីសង្ក្រាន្តឆ្នាំថ្មី នៅវត្តព្រះខ័នសែនជ័យ ប្រពៃណីជាតិខ្មែរ ព្រមទាំងបានដាក់ផែនការ អោយក្រុមការងារ បំផុសអោយមានការលេងល្បែងរបាំប្រជាប្រិយរបស់ជាតិខ្មែរអោយបានផុលផុស។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *