កម្ពុជាបានបំបែកឯតទគ្គកម្ម «ការបត់បេះដូងក្រដាស់ច្រើនជាងគេនៅលើពិភពលោក» ជាផ្លូវការ ដែលមានចំនួនរហូតដល់ ៣ ៩១៧ ៨០៥ បេះដូង ហើយដែលត្រូវបានពិនិត្យ និងវាយតម្លៃដោយស្ថាប័ន Guinness World Records នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមការអបអរសាទរពីគ្រប់ទិសទី។
កំណត់ត្រាចុងក្រោយនៃការបត់បេះដូងក្រដាស់ត្រូវបានសម្រេចដោយចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៩ ជាមួយនឹងបេះដូងក្រដាសត្រឹមតែ ៥៣ ៧០៤ ប៉ុណ្ណោះ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានសម្តែងនូវក្តីសោមនស្សរីករាយ និងមោទនភាពចំពោះការសម្តែងបេះដូងក្រដាសដែលបំបែកកំណត់ត្រានៅកម្ពុជា។ឯកឧត្តមបន្តថា កម្ពុជាក៏គ្រោងបំបែកឯតទគ្គកម្មពិភពលោកមួយទៀតសម្រាប់នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ គឺការរាំ Madison។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» គឺជាគំនិតផ្ដួចផ្ដើមរបស់យុទ្ធនាការ #BeyondTheGames ដើម្បីជាការចូលរួមគាំទ្រដល់ភាពជាម្ចាស់ផ្ទះរបស់កម្ពុជាក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។
ឯកឧត្តមលើកឡើងថា ការបត់បេះដូងដើម្បីបំបែកឯតទគ្គកម្មនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតជាវេទិកា ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់មជ្ឈដ្ឋាន មានឱកាសបានចូលរួមគាំទ្រ ដើម្បីបង្ហាញឱ្យឃើញពីការរួមសហការគ្នារបស់កម្ពុជា ក្នុងការចែករំលែកក្ដីស្រលាញ់ ការលើកទឹកចិត្ត និងការគាំទ្រដល់កីឡាករ កីឡាការិនីគ្រប់រូបដែលខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីតំណាងជាតិមាតុភូមិ។ ចំពោះការបត់បេះដូងនេះគឺជាការឆ្លើយតប និងការផ្ដល់ត្រលប់ទៅវិញ ដើម្បីបង្ហាញឱ្យឃើញពីការគាំទ្រ ការផ្ដល់ភាពកក់ក្ដៅ ការឱ្យតម្លៃ និងការអរគុណពីពួកយើងទាំងអស់គ្នា ជូនទៅដល់អត្តពលិកគ្រប់រូប ជាពិសេសអត្តពលិកដែលមានពិការភាព។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀតថា ការបត់បេះដូងរួមគ្នានៅទួទាំងប្រទេសនេះ គឺបានធ្វើឡើង ពីសំណាក់ប្រជាពលរដ្ឋខ្មែរចាប់ពីអាយុបួនឆ្នាំ រហូតដល់៨០ឆ្នាំ ខណៈការបត់ទទួលបានលើសការរំពឹកទុក ពោល គឺរហូតដល់ ៣ ៩១៧ ៨០៥ បេះដូងឯណោះ។
សូមបញ្ជាក់ថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជាក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានរំលេចផងដែរថា ប្រសិនបើប្រទេសកម្ពុជាពុំមានសុខសន្តិភាពទេនោះ ក៏កម្ពុជាពុំមានថ្ងៃនេះដែរ ។ ជាក់ស្តែងដូចជាថ្ងៃនេះកម្ពុជាយ៉ាងដូច្នេះដែរ គឺ Guinness World Records បានប្រកាសជាផ្លូវការដាក់បញ្ចូល ក្នុងការបំបែកឯតទគ្គកម្មពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» របស់កម្ពុជា ហើយនៅប៉ុន្មានថ្ងៃនាពេលខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនូវ ការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផងដែរ ដែលកត្តាទាំងនេះហើយគឺកើតចេញពីសន្តិភាព និងការអភិវឌ្ឍនោះ៕