សម្ដេចតេជោ ហ៊ុន សែន៖ «អង្គរសង្ក្រាន្តមិនមែនជាការចៃដន្យ ប៉ុន្តែអង្គរសង្ក្រាន្តអាចកើតឡើងបានម្ដងទៀតដោយសារកត្តា ៦យ៉ាង»

នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត បានអញ្ជើញបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។ មានប្រសាសន៍នាឱកាសនេះ សម្ដេចបានមានប្រសាសន៍ថា ការរៀបចំឡើងវិញនៃអង្គរសង្ក្រាន្តក្នុងឆ្នាំ២០២៣នេះ បានបង្កើតនូវព្រឹត្តិការណ៍នៃការជួបជុំរវាងមនុស្ស ជាមួយនឹងបេតិកភណ្ឌរូបី អរូបីជាមួយគ្នា។ ទម្រង់ជាច្រើនបានជួបជុំគ្នា បានប្រមូលផ្ដុំគ្នានៅក្នុងអង្គរសង្ក្រាន្តរយៈពេល ០៣ថ្ងៃនេះ ដែលនេះជាការបង្កើតនូវស្ថានភាពដ៏ល្អប្រសើរធ្វើឱ្យរស់ឡើងវិញនូវទីកន្លែងដែលធ្លាប់តែស្ងប់ស្ងាត់ និងក្លាយទៅជាកន្លែងដែលទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាមានកត្តា ៦យ៉ាង ដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះឡើងក្នុងនោះរួមមាន៖
កត្តាទី១ ៖ កត្តាសន្តិភាព ដែលគ្របដណ្ដប់ប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ អាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់។
កត្តាទី២៖ ភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី សម្ដេចក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រុមគក្រូពេទ្យបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងការការពារខ្លួន។
កត្តាទី៣៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមរយៈសមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែ។
កត្តាទី៤៖ មធ្យោបាយធ្វើដំណើរ ទាំងផ្ទាល់ខ្លួន និងសេវាឈ្នួល រួមទាំងការសេវាដឹកជញ្ជូនដែលរដ្ឋបានផ្ដល់ជូនផងដែរ។
កត្តាទី៥៖ ជីវភាពល្អប្រើសើរនៃប្រជាពលរដ្ឋ ដែលអាចមានលទ្ធភាពធ្វើដំណើរកម្សាន្តបានក្នុងឱកាសបុណ្យចូលឆ្នាំ។
ដោយឡែកកត្តាសំខាន់មួយទៀត ជាកត្តាទី៦ គឺតាមរយៈសកម្មភាព និងទិសដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែង និងការចូលរួមរបស់យុវជនប្រមាណជា ៥០០០នាក់ក្នុងការធ្វើសកម្មភាពនៅទីនេះ។ ជាមួយគ្នានេះ សម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈរបស់ស.ស.យ.ក. ក្នុងការលះបង់កន្លងមក។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រូវបានអាក់ខានតាំងពីឆ្នាំ២០១៩ មកដោយសារការរីករាលឆ្លងនៃវិបត្តិកូវិដ-១៩។ ការប្រារព្ធឡើងវិញនៃឱកាសនេះ ស្របពេលខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ជាមួយគ្នានេះ ការត្រឡប់មកវិញនៃព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ត្រចេះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ដែលបាននាំកម្ពុជាត្រឡប់មកប្រក្រតីភាព និងផ្ដល់ឱកាសឱ្យប្រទេសជាតិដំណើរឡើងវិញលើគ្រប់វិស័យ ជាពិសេសគឺការនាំមកនូវស្នាមញញឹម ភាពក្អាកក្អាយរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងបរិយាកាសដ៏រីករាយក្នុងការសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងនាឱកាសនេះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *