ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា យើងរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិត ខ្លះពិការភ្នែក ខ្លះដាច់ដៃដាច់ជើង ប្ដូរបានមកវិញនៅសន្តិភាពដូចបច្ចុប្បន្ននេះ ទោះក្នុងតំលៃណាក៏ដោយត្រូវការពារអោយបានដាច់ខាត។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងក្នុងពិធី បំពាក់ឋានន្តរស័ក្កិ ជូនដល់នាយទាហាន មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន គូលេន៣១៧សៀមរាប នារសៀលថ្ងៃអង្គារ ៧ កើត ខែចេត្រ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នៅអាគាររដ្ឋបាលមជ្ឈមណ្ឌលយោធិនពិការគូលេន៣១៧សៀមរាប។
ឯកឧត្តម បានបញ្ជាក់ថា សម្ដេចតេជោ មានប្រសាសន៍ហើយមានប្រសាសន៍ទៀតទោះក្នុងតម្លៃណាក៏ដោយត្រូវការពារសន្តិភាពឱ្យបាន។
សម្ដេចការពារហើយរកសន្តិភាពហើយដាក់គោលនយោបាយឈ្នះឈ្នះ ដើម្បីបង្រួបបង្រួមជាតិ ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ខ្មែរក្រហមបានចូលរួមមាន នួនជា ខៀវសំផន អៀងសារី បានចុះចូលសុំមករួមរស់ដើម្បីបង្រួបបង្រួមជាតិឡើងវិញ ដូចនេះបានយើងចាត់ទុកថា ២៩ ខែ ធ្នូ ឆ្នាំ ១៩៩៨ ជាថ្ងៃបានទទួលសន្តិភាពនិងឯកភាពជាតិពេញលេញ។
- អរគុណសន្តិភាព!
- អរគុណនយោបាយ ឈ្នះ ឈ្នះ!
- ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !!
ឯកឧត្តម មាស សាវ៉ន បញ្ជាក់ថា កម្ពុជាយើងទើបបានសន្តិភាពពេញលេញនៅឆ្នាំ ១៩៩៨ កុំភ្លេចខ្លួន យើងនាំគ្នាខិតខំការពារសន្តិភាព ការពារដើម្បីកូនចៅយើង កុំឲ្យពួកគេទៅលីកាំភ្លើងលីគ្រាប់កាត់វាលកាត់ព្រៃដូចជំនាន់ពួកយើងវាលំបាកខ្លាំងណាស់ ទំរាំយើងទទួលបាននូវសន្តិភាព យើងត្រូវរួមគ្នាការពារសមិទ្ធផលដែលពួកយើងបានលះបង់ ខ្លះបាត់បង់ជីវិតខ្លះពីការភ្នែកខ្លះដាច់ដៃដាច់ជើងនិងរាងកាយមួយចំនួនទៀត គឺប្ដូរបានមកវិញនៅសន្តិភាពនាពេលបច្ចុប្បន្ននេះ។
ដូច្នេះការលះបង់ អវយវៈមួយចំនួនរបស់ពួកយើងមិនមែនអត់ប្រយោជន៍ទេ យើងបានមកវិញនៅសុខសន្តិភាពសម្រាប់កូនចៅយើងជំនាន់ក្រោយ ហើយយើងមានតួនាទី គឺថែរក្សាការពារសន្តិភាពឯកភាពជាតិឲ្យបានគង់វង្ស ដើម្បីអនាគតកូនចៅយើងជំនាន់ក្រោយ។
ឯកឧត្តម មាស សាវ៉ន តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានពាំនាំនៅការសួរសុខទុក្ខនិងថ្លែងអំណរអរគុណ ដល់គ្រួសារពលី គ្រួសារយោធិនពិការ ដែលបានលះបង់ប្ដី ហើយប្ដីបានលះបង់សេរីរាង្គគ្រប់បែបយ៉ាង ពលីកម្មដើម្បីបានសន្តិភាពដូចសព្វថ្ងៃនេះ។
ឯកឧត្តម មាស សាវ៉ន ក៏បានកោតសរសើរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប អំពីការចុះពង្រឹងមូលដ្ឋាន ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប មានសន្ដានចិត្ត មានឆន្ទៈព្រួតដៃគ្នាដឹកនាំក្រុមការងារចុះទៅពង្រឹងនៅមូលដ្ឋានឃុំប្រាសាទស្រុកវ៉ារិនបានយ៉ាងល្អប្រសើរ។
ឯកឧត្តម មាស សាវ៉ន បានលើកទឹកចិត្តជំរុញឲ្យក្រុមការងារបន្តកិច្ចការងារនេះបន្តទៀតដើម្បីសម្រេចគោលដៅ នៃការរក្សាសន្តិភាពឲ្យបានគង់វង្សយូរអង្វែង
ឯកឧត្តមក៏បានផ្ដាំផ្ញើដល់យោធិននៅក្នុងមជ្ឈមណ្ឌលផងដែរថាយើងត្រូវការពារនៅក្នុងមូលដ្ឋានមិនឲ្យមានល្បែងស៊ីសងអំពើចោរកម្មការជួញដូរផ្លូវភេទជួញដូរគ្រឿងញៀនអំពើខុសច្បាប់ទាំងឡាយគឺមិនឲ្យមានកើតមិនឲ្យកើតមាននៅក្នុងមជ្ឈមណ្ឌលនោះទេ អនុវត្តអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្ថភាព។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម មាស សាវ៉ន ក៏បានអំពាវនាវឲ្យយោធិនគ្រួសារយោធិនបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រៀមលក្ខណៈចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។