កិច្ចប្រជុំបូកសរុប របាយការណ៍ ប្រចាំឆមាសទី១ ការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប

នៅចុងសប្តាហ៍ព្រឹកថ្ងៃទី២៧ ខែ កក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋរលេខាធិការក្រសួងមហាផ្ទៃ និង ជាប្រធានក្រុមការងារទី៩ និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតី នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំឆមាសទី១ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីគ្រប់ស្ថាប័ន អង្គភាពប្រតិបត្តិ និង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ អធិការនគរបាលក្រុង ស្រុក មេប៉ុស្តិ៍នគរ បាលរដ្ឋបាល ប្រមាណជា ៣០០នាក់ចូលរួម ។
ឯកឧត្តម ប្រាក់ សោភ័ណ បានលើកឡើងថា ស្របនឹងស្ថានភាព នៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ ដែលប្រទេសជាតិយើង មាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម គឺជាបុរេលក្ខខណ្ឌ ដ៏ចាំបាច់ និង អាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាននូវ កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ។ កត្តាសំខាន់ដោយខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តមក៏បានជម្រុញដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើនការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋ សំខាន់ចំពោះសិស្សានុសិស្ស ចំពោះការងារចរាចរណ៍ និងគ្រឿងញៀន ដែលជាចំណោទបញ្ហាចំពោះមុខយ៉ាងខ្លាំង ព្រមទាំងបញ្ហាគ្រោះធម្មជាតិជាដើមផងដែរ ។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានគូសបញ្ជាក់ពីលទ្ធផលនែការអនុវត្តគោលនយោ- បាយភូមិ ឃុំសង្កាត់មានសមត្ថភាព ធ្វើបានចំនួន ៦ពាន់៩៩៩លើក មានប្រជាពលរដ្ឋចូលរួម ៤៣១ពាន់៣៤៥នាក់ និង ការងារផ្សព្វផ្សាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព បានចំនួន ៣ពាន់៦១៩លើក មានប្រជាពលរដ្ឋចូលរួម ៣២១ពាន់១១នាក់ និង ការងារវេទិកាសាធារណៈ បានចំនួន៣ពាន់៣៨០លើក មានប្រជាពលរដ្ឋចូលរួម ១១០ពាន់ ៣៣៤នាក់ ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១នេះ បានកើតឡើង ៨២លើក មានការកើនឡើងបើធៀបទៅឆមាសទី១ ឆ្នាំ២០២៣ ។
ក្នុងឱកាសនោះឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ដែលបានខិតខំធ្វើឲ្យការងារ លើការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់ ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជម្រុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវបន្តពង្រឹងការផ្សព្វផ្សាយ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេស ការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានផ្តោតដ៏សំខាន់ ទៅលើបញ្ហាចរាចរណ៍ ដែលជាកត្តាចំបងនៅខេត្តសៀមរាប ជាឃាតករបំបាំងមុខ ដែលបង្កឡើងដោយកត្តាមនុស្ស និង សម្ភារៈ បានបង្កធ្វើឲ្យមានជនពិការ បន្សល់ទុកសោទនាកម្មដល់ក្រុមគ្រួសារ ។ ចំពោះបញ្ហាគ្រឿងញៀន ដែលបានធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ និងធនធានមនុស្សក្នុងសង្គម រួមទាំងគ្រោះថ្នាក់ធម្មជាតិផងដែរ ។ ក្នុងនោះឯកឧត្តមក៏បានលើកឡើង ពីវេទិកាសាធារណៈ គឺជាយន្តការបញ្ជ្រៀបគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការស្តាប់នូវរាល់សំណូមពរ និង បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និង ផ្សព្វផ្សាយពីព័ត៌មានពិត ឬមិនពិតជូនប្រជាពលរដ្ឋ ។ ម៉្យាងទៀតអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាការពារភូមិ ឲ្យពួកគាត់ស្គាល់នូវពីតួនាទីរបស់ខ្លួន ។ ឯកឧត្តមក៏បានជម្រុញដល់រដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពរដ្ឋាបលខេត្ត ឲ្យបានរឹងមាំ ក្តាប់ឲ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមានតាមក្រុង-ស្រុក ឃុំសង្កាត់ ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះ ប្រជាពលដ្ឋ អំពីគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីស្តាប់កង្វល់ និង សំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *