ក្រុមការងារចុះជួយ មូលដ្ឋានស្រុកស្រីស្នំ នាំយកទៀន ចំណាំវស្សា និងទេយ្យវត្ថុព្រមទាំងថវិកាមួយចំនួន វេរប្រគេនដល់វត្តទាំង ៩ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្រីស្នំ តំណាងឯកឧត្តម លន់ សុធី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប និង អភិបាលស្រុក ថ្នាក់ដឹកនាំនិង មន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងសហការីក្រុមការងារ បាននាំយកទៀនចំណាំវស្សា ទេយ្យវត្ថុមានគ្រឿងឧបភោគបរិភោគចំនួន១៥មុខ រួមមាន៖ អង្ករ, មី, ស្ករស, ត្រីខ, ទឹកត្រី, ទឹកស៊ីអ៊ីវ ជាដើម និងថវិកាសម្រាប់មួយវត្តៗចំនួន៥៥ម៉ឺនរៀល ប្រគេនដល់ព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាទាំង០៩វត្ត នៃស្រុកស្រីស្នំ ខេត្តសៀមរាប និងជូនយាយជី តាជីចំនួន៩៤នាក់ ម្នាក់ៗទទួលបានក្រណាត់ស០១ដុំនិងថវិកា៥ពាន់រៀល។ សម្ភារ: ទេយ្យវត្ថុនិងថវិកាយកមកវេរប្រគេនទាំងនេះ គឺបានមកពីការចូលរួមរបស់សមាជិក សមាជិកាក្រុមការងារ ដើម្បីទិញសម្ភារ: យកមកវេរប្រគេនដល់ព្រះសង្ឃ ទាំង០៩វត្តក្នុងស្រុកស្រីស្នំនេះ។ ឯកឧត្តម លីវ សុខុន តំណាងឱ្យ ឯកឧត្តម លន់ សុធី មានប្រសាសន៍ថា៖ដូចគ្នាទៅនឹងបណ្តាឆ្នាំមុនៗដែរ ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាក្រុមការងារចុះជួយមូលដ្ឋានស្រុកស្រីស្នំទាំងអស់តែងតែយកចិត្តទុកដាក់ទំនុកបំរុង នាំយកទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ដើម្បីវេរប្រគេនព្រះសង្ឃនៅទីអារាមនានាក្នុងស្រុកនេះជាដរាប ជាពិសេសក្នុងអំឡុងចូលវស្សា ជាវេលាដែលភិក្ខុ-សាមណេរត្រូវបដិបត្តិធម៌វិន័យនិងគង់ចាំវស្សាអស់កាលត្រីមាសតាមពុទ្ឋបញ្ញតិ ព្រោះថាវិស័យពុទ្ឋចក្រនិងអាណាចក្រតែងតែដើរទន្ទឹមគ្នាហើយចក្រទាំងពីរនេះមិនអាចខ្វះមួយណាបានឡើយ។ ឯកឧត្តម លីវ សុខុន បានមានប្រសាសន៍ជំរុញឱ្យរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ កម្លាំងមានសមត្ថកិច្ច បន្តសហការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន រួមគ្នាលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខ្លាំងឡើងបន្ថែមទៀត ព្រោះថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់។បន្ថែមពីនេះ ត្រូវបន្តពង្រឹងការងារបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានលឿនរហ័សឈរស្មារតីទទួលខុសត្រូវ មានតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងភាពចាំបាច់របស់ប្រជាពលរដ្ឋ ឱ្យប្រជាពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត និងទទួលបានមកវិញនូវការទុកចិត្តពីប្រជាពលរដ្ឋ។
សូមជំរាបថា៖តាមទំនៀមបុណ្យចូលព្រះវស្សាជាប្រពៃណីនៃព្រះពុទ្ធសាសនា ។ព្រះសង្ឃទាំងឡាយគ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែអស្សុជ គិតតាមចន្ទគតិ។ថ្ងៃចូលព្រះវស្សារយៈពេល៣ខែនេះ ព្រះសង្ឃពុំអាចនិមន្តទៅណាឆ្ងាយបានទេ បើប្រសិនគ្មានការនិមន្ត លើកលែងតែមានធុរៈផ្ទាល់ខ្លួនដូចជា ញោម ឈឺ ឬ ក៏ ឧបជ្ឃាយ៍អាចារ្យឈឺលោកអាចចេញទៅគង់ក្រៅអារាមបានប៉ុន្តែមិនឲ្យហួសពីប្រាំពីរថ្ងៃនិងនិមន្តមកវិញឱ្យដល់សីម៉ាវត្តមុនពេលអរុណរះ បើធុរៈនោះចាំបាច់បន្តដំណើរគោចរទៀត ត្រូវនិមន្តមកវត្តវិញ ដើម្បីពិតមេវត្តនិងសុំការអនុញ្ញាតិបន្ត បើពុំដូច្នោះទេ ភិក្ខុអង្គនោះនឹងត្រូវអាបត្តិទុក្កដ ឬដាច់វស្សានិងពុំអាចទទួលក្រាលគ្រងកឋិនបានឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *