ពេទ្យស្ម័ត្រចិត្ត មន្ទីរពេទ្យ Mackay ចុះព្យាបាលជម្ងឺ ផ្តល់អំណោយ ជូនប្រជាពលរដ្ឋក្រីក្រនៅ ស្រុកសូទ្រនិគម

សៀមរាប៖ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់មន្ទីរពេទ្យ Mackayនិងធនាគារ UCB តាមរយៈអង្គការក្លឹប Rotary Angkor និង សាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបាននាំយកទៅចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ៤០គ្រួសារ និងធ្វើការពិនិត្យ ព្យាបាលជម្ងឺ នៅមណ្ឌលសុខភាពដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៤ ក្រោមវត្តមានរបស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអស់លោកលោកស្រីជាអាជ្ញាធរ ក្រុមប្រឹក្សាស្រុក ឃុំ និង ក្រុមគ្រូពេទ្យស្ម័ត្រចិត្ត ផងដែរ ។
មានប្រសាសន៍នោះដែរ តំណាងធនាគារ UCB បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលធនាគារ UCB បានធ្វើ កិច្ចសហការជាមួយមន្ទីរពេទ្យ Mackay និង អង្គការក្លឹប Rotary Angkor លើការងារមនុស្សធម៌ ក្នុងការពិនិត្យ ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋកម្ពុជា ។ តាមរយៈព្រឹត្តិការណ៍នេះ បានលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទំនាក់ទំនង គ្នាល្អរវាងកម្ពុជា ចិន សំខាន់រវាងប្រជាជនចិន និង ប្រជាពលរដ្ឋខេត្តសៀមរាប កាន់តែនៅជិតគ្នាបំផុត ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ បានលើកឡើងថា បញ្ហាសុខភាព គឺជាកត្តាចំបងសម្រាប់យើងគ្រប់ៗគ្នា ។ ការពិនិត្យសុខភាពនិង ព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ គឺជាការបញ្ជាក់នូវទឹកចិត្ត សប្បុរសធម៌របស់ក្រុមគ្រូពេទ្យប្រទេសចិន ដោយមិនមែនការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និង មានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ជំនាញល្អៗ មកពិនិត្យសុខភាព និងព្យាបាលជម្ងឺជូនបងប្អូននៅក្នុងឃុំដានរុននេះ ដែលមានចំនួន ១៥០នាក់ បានចូលមកពិនិត្យនិងព្យាបាលជម្ងឺទូទៅ ។ លោកវេជ្ជបណ្ឌិត បានបន្តទៀតថា នេះជាគោលដៅអនុវត្តយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋ និង អាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព ។ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាពឲ្យបានល្អថែមទៀតដោយហូបស្អាត ផឹកស្អាត និង រស់នៅស្អាត និង បន្តយកចិត្តទុកដាក់ បង្ការនូវជម្ងឺឆ្លងផ្សេងៗ ជាពិសេសជម្ងឺគ្រុនឈាម ដូចជាការបំបាត់ជម្រកមូស នៅក្នុងរដូវវស្សានេះ ត្រូវធ្វើអនាម័យ បរិស្ថាននៅក្នុងភូមិឋាន និង បំបាត់នូវទីជម្រកសត្វមូសខ្លា ដោយមានការរស់នៅឲ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជម្ងឺគ្រប់ប្រភេទ ព្រមទាំងបញ្ជូនអ្នកជម្ងឺទៅកាន់មណ្ឌលសុខភាព ឬ មន្ទីរពេទ្យរដ្ឋឲ្យបានទាន់ពេលវេលា ។ ក្នុងនោះលោកវេជ្ជបណ្ឌិត បានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះ ពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរដែនដីនៃខេត្តសៀមរាបដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានថ្លែងអំណរគុណដល់ទឹកចិត្តដ៏មនុស្សធម៌របស់មន្ទីរពេទ្យ Mackay និងធនាគារ UCB ក៏ដូចអង្គការក្លឹប Rotary Angkor ដែលតែងបានចូលរួម ក្នុងការដោះស្រាយនូវទុក្ខលំបាក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងការផ្តល់នូវស្បៀងអាហារ សម្ភារៈបរិក្ខាពេទ្យ ការយកចិត្តទុកដាក់អំពីសុខភាព របស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទទៀតផង ។
អំណោយដែលផ្តល់ជូនដល់គ្រួសារក្រីក្រទាំង៤០គ្រួសារ ទទួលបាន អង្ករ ,ទឹកស៊ីអ៉ីវ .ទឹកត្រី. ភួយ និងថវិកាមួយ ចំនួនទៀត ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *