លោក ហៀម ឃួន មានប្រសាសន៍ថា ប្រជាជនម្នាក់លេងកីឡា មួយប្រភេទយ៉ាងតិច ប្រចាំក្នុងជីវិត

ខេត្តពោធិសាត់៖ លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ ថា ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដែលស្របតាមប្រធានបទ«កីឡាសម្រាប់ទាំងអស់គ្នា» សំដៅទៅដល់ទស្សនវិជ្ជាទូលំទូលាយក្នុងការជម្រុញ លើកទឹកចិត្តឱ្យមនុស្សគ្រប់ភេទ គ្រប់វ័យចូលរួមក្នុងសកម្មភាពកីឡា ដើម្បីធ្វើលំហាត់ប្រាណ ទទួលបាននូវសុខភាពនិងសុខុមាលភាពល្អ ទាំងផ្លូវចិត្ត ផ្លូវកាយ សមត្ថភាពរាងកាយនិងជាផ្នែកមួយជួយបង្កើននូវចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍសង្គមជាតិ។

នេះគឺជាប្រសាសន៍ដែលបានលើកឡើងរបស់ លោក ហៀម ឃួន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបិទប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ យុវជនក្រោម១៨ឆ្នាំ ដើម្បីជ្រើសរើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នៅពហុកីឡដ្ឋានខេត្ត ស្ថិតក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដែលរៀបចំឡើងដោយមន្ទីរ អប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់។

លោក ចាន់ នី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ យុវជន អាយុក្រោម១៨ឆ្នាំជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ដែលបានចាប់ផ្តើមប្រកួតថ្ងៃទី១ដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២៤ក្នុងទីលាន កីឡដ្ឋានខេត្តដែលមានចំនួន៣៦ក្រុម មកពី៩អង្គភាព មាន២៨ក្លិបនិងកីឡាករកីឡាការនីចំនួន៧២០នាក់។

ឆ្លងតាមការប្រកួតរយៈ ពេល២៧ថ្ងៃមានចំនួន៧៤ប្រកួតកន្លងមកឃើញថា ក្រុមកីឡានិមួយៗបានយកអស់កម្លាំងកាយចិត្ត សមត្ថភាពជំនាញនិងទេពកោ សល្យ ដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។

កាយវិការរបស់កីឡាករ កីឡាការនី ពិតជាបានអនុវត្តយ៉ាងត្រឹមត្រូវដោយឈរលើ ស្មារតី គោរពវិន័យ បទបញ្ជាបច្ចេកទេសនិងចេះយោគយល់ អព្យាស្រ័យ សាមគ្គីគ្នាទៅវិញទៅមក ជាសក្ខីកម្មបានបង្ហាញថាប្អូនៗ បានយល់យ៉ាងច្បាស់នូវមនសិកាកីឡានិងផ្សាភ្ជាប់ជិតស្និតជាគម្រូល្អសម្រាប់យុវជនជំនាន់ក្រោយៗ។

លោក ហៀម ឃួន អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដោយផ្តោតលើការអភិវឌ្ឍមូលធនមនុស្សហើយក្រសួងអប់រំយុវជននិងកីឡាក៏បានធ្វើកំណែទម្រង់វិស័យ អប់រំកាយនិងកីឡាជម្រុញចលនាប្រជាពលរដ្ឋម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។

វិស័យកីឡាបានដើរតួយ៉ាងសំខាន់នៅក្នុងការផ្សាភ្ជាប់ទំនាក់ទំនងសង្គមវប្បធម៌ទាំងនៅក្នុងតំបន់និងពិភពលោកដែលបានទទួលស្គាល់ថា កីឡាគឺជាឧបករណ៍មួយដ៏សំខាន់ ទទួលបានសុខភាព សុខុមាលភាព ភាពជោគជ័យក្នុងការងារនិងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយភាពសុខដុមនីយកម្ម។

ក្នុងនាម រដ្ឋបាលខេត្តដាក់ចេញនូវយុទ្ធសាស្ត្រនិងទិសដៅក្នុងការអភិវឌ្ឍន៍សមត្ថភាពវិស័យកីឡាវ័យក្មេងដែលជាថ្នាលនិងត្រៀមទៅចូលរួម ប្រកួតកីឡាយុវជនអាស៊ីនាឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះគឺជម្រុញយុវជននិងប្រជាពលរដ្ឋចូលរួមហាត់និងលេងកីឡា បង្កើនក្លិបកីឡានៅតាមមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង គ្រឹះស្ថាន សាលារៀន ប្រមូលជ្រើសរើសកីឡាករ កីឡាការនីមានសមត្ថភាពជំនាញ ទេព្យកោសល្យនិងត្រូវមានទំនាក់ទំនងល្អជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការ សមាគមជាពិសេសក្រុមការងារគ្រប់ផ្នែក និងគ្រប់ថ្នាក់ទាំងក្នុងនិងក្រៅខេត្ត។

នៅក្នុងខណៈនោះដែរលោក ហៀម ឃួនព្រមទាំងថ្នាក់ដឹកនាំបានអញ្ជើញពានរង្វាន់ជ័យលាភីអមដោយសម្ភារនិងថវិកាដល់ក្រុមកីឡាករ កីឡាការនី ដែលទទួលបានចំណាត់ចាប់លេខ១ដល់លេខ៤រួមមានវិញ្ញាសាបាល់ទាត់នារី ចំណាត់ថ្នាក់លេខ១ក្លិបយុវជនវិទ្យាល័យហ៊ុនសែន ១០មករា លេខ២ ក្លិបយុវជនវិទ្យាល័យក្រពើពី លេខ៣ក្លិបយុវជនស្វាយសនិងលេខ៤ក្លិបយុវជនវិទ្យាល័យបាកាន ។

វិញ្ញាសាបាល់ទាត់បុរស លេខ១ ក្លិបរតនាគារ លេខ២ក្លិបយុវជនស្រុកវាលវែង លេខ៣ក្លិបយុវជនវិទ្យាល័យបាកាននិងលេខ៤ក្លិបយុវជនវិទ្យាល័យហ៊ុនសែន១០មករា៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *