លោកជំទាវ ពុំ ចន្ទីនី បំផុសដល់អតីត យុទ្ធជន និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើ

ខេត្តកំពង់ឆ្នាំង៖ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមឱ្យប្រជាពលរដ្ឋជាពិសេសអតីតយុទ្ធជនចាប់ពីបុគ្គលម្នាក់ឡើងទៅត្រូវដាំដើមឈើទោះតិចក្តី ច្រើនក្តីម្នាក់មួយដើមក៏បានទោះដើមឈើយូរអង្វែងឬដើមផ្កាក៏ដោយ និងសូមកុំភ្លេចដាំដំណាបន្លែបង្កាជុំវិញលំនៅឋាន យកចិត្តទុកដាក់លើការអប់រំសុខភាព រក្សាការពារបរិស្ថានអនាម័យទើបនាំមកនូវសេរីសួស្តីគ្រប់ក្រុមគ្រួសារនិងសង្គមជាតិ។

លោកជំទាវ ពុំ ចន្ទីនី បានបំផុសបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជននិងយុទ្ធនាការដាំដើមឈើ ក្រោមប្រធានបទ«រួមគ្នាពង្រឹងនិងពង្រីកបរិស្ថានបៃតង នៅភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៧ខែមិថុនា ឆ្នាំ២០២៤ដោយពិធីនេះបានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានកិត្តិយសព្រមទាំងសមាជិក សមាជិកា គណៈកម្មាធិការ គណៈកិត្តិយស ក្រុមប្រតិបត្តិ សាខា អនុសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣និងយុវជនកាកបាទជាច្រើនទៀត។

ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខានិងលោកជំទាវ ពុំ ចន្ទីនី នាំមកនូវសេចក្តីនឹករលឹកនិងការផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនអតីតយុទ្ធជនដែលបាននឹងកំពុងរស់នៅក្នុងភូមិប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ។

លោកជំទាវបានជម្រាបជូនថា កាកបាទក្រហមកម្ពុជា ជាសមាគមជាតិមួយដែលមានឋានៈស្របច្បាប់ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ នឹងកំពុងអនុវត្តនៅគោលនយោបាយ អាទិភាពចំនួន៦របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា។ ដោយហេតុថា ខួបលើកទី១៦១ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា បានលើកយកនូវប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហម កម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធននឹងអាកាសធាតុ» នោះទើបសូមឱ្យប្រជាពលរដ្ឋកម្ពុជារួមទាំងបងប្អូនអតីតយុទ្ធជនទាំង៦២៨គ្រួសារនៅក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាពតាមរយៈការចូលរួមរក្សាការពារបរិស្ថានបៃតងដោយដាំដើមឈើនិងឈើហូបផ្លែ ទោះតិចក្តី ច្រើនក្តី ម្នាក់តែមួយដើមក៏បានឱ្យតែបានដាំគ្រប់ៗគ្នានិងទុកដាក់សំរាម កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកធ្វើឱ្យសុខភាព ភូមិឋានស្អាតល្អ ជំងឺមិនឆ្លង។

កត្តាដែលសំខាន់ជាងនេះទៅទៀតនោះសូមឱ្យអតីតយុទ្ធជនដែលបានមករស់នៅក្នុងតំបន់នេះត្រូវផ្លាស់ប្តូរឥរិយាបទវិជ្ជមានដោយគ្រួសារនិមួយៗបន្តការដាំដុះបន្លែបង្ការកុំទុកដីចោលទំនេ ព្រោះថាការ បរិភោគបន្លែ បង្ការធម្មជាតិនាំមកនូវសុខភាពល្អ គ្រួសារនិងសង្គមជាតិរុងរឿង។

តាមរយៈនេះលោកជំទាវ បានរំលឹកថា តាមការសិក្សារបស់អង្គការសុខភាពពិភពលោកក្នុងឆ្នាំ២០១៩ បានបញ្ជាក់ឱ្យឃើញថាកម្ពុជាខាតបង់ថវិកាក្នុងការព្យាបាលជំងឺឆ្លងដល់ទៅ៨០%ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាត្រូវចំណាយថវិកាប្រមាណមួយពាន់ប្រាំរយលានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

នេះគឺជាបន្ទុកមួយដ៏ធ្ងន់តែទោះជា យ៉ាងនេះក៏ដោយប្រមុខរាជរដ្ឋាភិបាលក៏ដូចសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ខិតខំបញ្ជៀសឱ្យបាននូវជំងឺមិនឆ្លងនិងសូមឱ្យ ប្រជាពលរដ្ឋយើងប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅប្រកបដោយ អនាម័យល្អសុខភាពល្អ។

បន្ទាប់មកលោកជំទាវ ឯកឧត្តម លោក លោកស្រីបានចូលរួមដាំកូនឈើនៅក្នុងបរិវេណសាលាជាង២០០ដើមនិងចែកជូនកូនឈើដល់ប្រជាពលរដ្ឋសម្រាប់យកទៅដាំតាមខ្នងផ្ទះជាង៣០០ដើមនាពេលនោះផងដែរ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *