ពិធីបិទសន្និបាតថ្នាក់ជាតិបូកសរុបការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

សៀមរាប៖ អង្គសន្និបាតបូសរុបការងារ គ.ជ.ប ដែលបានប្រព្រឹត្តទៅពេញមួយថ្ងៃ ត្រូវបានបិទនារសៀលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និង ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រមទាំងឯកឧត្តម លោកជំទាវជាអនុប្រធាន សមាជិកគ.ជ.ប តំណាងព្រះបរម្យរាជវ៉ាំង អគ្គស្នងការរង ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងវត្តមានសមាជិក សមាជិកាគណៈកម្មាធិការរៀបចំការបោះឆ្នោត មកពីបណ្តាខេត្ត-រាជធានីទាំង២៥ និង លោក លោកស្រី តំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយ សមាគម និង អង្គការមិនមែនរដ្ឋាភិបាល សរុបចំនួនប្រមាណ ជាង ៥០០នាក់ ។
អង្គសន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងពិគ្រោះនិងផ្លាស់ប្តូរយោបល់អំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាពនិងបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងដំណើររៀបចំការបោះឆ្នោតអសកលទាំងពីរសម្រាប់ជាមូលដ្ឋានសម្រាប់ជាមូលដ្ឋានកែលំអការបោះឆ្នោតនាពេលខាងមុខឲ្យកាន់តែល្អប្រសើរថែមទៀត។
សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីគ.ជ.បគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ គណបក្សនយោបាយ សមាគម អង្គការនានាព្រមទាំងអ្នកបោះឆ្នោតទាំងអស់ដែលបានអនុវត្តតាមតួនាទីនិងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីក្រមសីលធម៌សម្រាប់ការបោះឆ្នោតគ្រប់ដំណាក់កាល និងផ្តល់កិច្ចសហការគាំទ្រគ្នាទៅវិញទៅមកធ្វើឱ្យការបោះឆ្នោតទាំងពីរនេះបានប្រព្រឹត្តិទៅរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សានិងមានសុវត្ថិភាពយ៉ាងល្អប្រសើរ ហើយលទ្ឋផលនៃការបោះឆ្នោតនេះក៏ត្រូវបានគណបក្សនយោបាយនានាដែលចូលរួមប្រកួតប្រជែងទទួលស្គាល់ផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា ការបោះឆ្នោតដ៏មានសារៈសំខាន់ទាំងពីរនេះបានជះឥទ្ឋិពលមកលើប្រព័ន្ឋនយោបាយ និងការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា ដូចជា៖ការពង្រឹងពង្រីកលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្សនិងនីតិរដ្ឋលើមូលដ្ឋាននៃស្មារតីបង្រួបបង្រួមជាតិនិងសុខដុមរមណីយកម្មជាតិទាំងមូល ក្រោមដំបូលសន្តិភាពនិងការអភិវឌ្ឍ។ការបន្តអនុវត្តកំណែទម្រង់អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិដែលត្រូវគ្រប់គ្រងតាមគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីបង្កើត ជំរុញនិងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកត្តានេះនឹងនាំមកនូវទី១- ចូលរួមក្នុងការពង្រឹងពង្រីកដំណើរការលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឺះរឹងមាំរហូតដល់ថ្នាក់មូលដ្ឋាន ទី២- នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ឋនិងប្រព័ន្ឋគ្រប់គ្រងរដ្ឋបាលសាធារណៈនៅកម្ពុជា តាមបែបផែនវិមជ្ឈការនិងវិសហមជ្ឈការនិងទី៣-លើកកម្ពស់ការចូលរួមនិងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋក្នុងសហគមន៍នានាក្នុងមូលដ្ឋាន ។ ឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ដែលបានបញ្ចប់នាពេលកន្លងមក គឺជាសមិទ្ឋផលថ្មីមួយទៀតដែលបនឆ្លុះបញ្ចាំងឲ្យឃើញច្បាស់អំពីជំហានទៅមុខដ៏រឹងមាំ គ្មានអ្វីអាចមកបន្ទុចបង្អាក់ដំណើរការលទ្ឋិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋនៅកម្ពុជា។ទន្ទឹមនឹងនេះក្រសួងមហាផ្ទៃក៏កំពុងរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាដែលទើបជាប់ឆ្នោតថ្មីដើម្បីឲ្យសមាជិកក្រុមប្រឹក្សាដែលមកពីគណបក្សនយោបាយផ្សេងគ្នា សហការរួមគ្នានៅក្នុងក្រុមប្រឹក្សារបស់ខ្លួន បន្តជម្រុញកំណែទម្រង់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនិងវិមជ្ឈការនៅមូលដ្ឋាន សំដៅលើកកម្ពស់ការផ្តល់សេវានិងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ឋភាពខ្ពស់ ។
មានប្រសាសន៍បិទអង្គសន្និបាត ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប ថា៖ឆ្លងកាត់រយៈពេលមួយថ្ងៃ អង្គសន្និបាតបានប្រមូលផ្តុំនិងពិភាក្សាលើប្រធានបទសំខាន់ៗសម្រាប់ការបោះឆ្នោត រួមមាន១- ការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោត។២-ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ៣-ការគ្រប់គ្រងប្រព័ន្ឋផ្សព្វផ្សាយក្នុងដំណើរការបោះឆ្នោតនិងការឃោសនាបោះឆ្នោត ៤-កិច្ចសហការបោះឆ្នោត រាប់សន្លឹកឆ្នោត ត្រួតពិនិត្យ ផ្ទៀងផ្ទាត់និងបូកសរុបលទ្ឋផលនៃការបោះឆ្នោត និងទី៥នីតិវិធីនៃការដាក់ ការទទួលនិងការដោះស្រាយពាក្យបណ្តឹងក្នុងដំណើរការបោះឆ្នោត។ទន្ទឹមនឹងនេះ អង្គសន្និបាតបានរកឃើញចំណុចខ្លាំងដែលជាបទពិសោធសម្រាប់អនុវត្តបន្តជាច្រើនចំណុច ជាមួយគ្នានេះអង្គសន្និបាតក៏បានរកឃើញនូវចំណុចខ្វះខាតមួយចំនួនក្នុងដំណើរការបោះឆ្នោត ផងដែរ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *