ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមប្រធាន បទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍ គ្មានគ្រឿងញៀន

ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ និងលោកជំទាវឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា​ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនបានអញ្ជេីញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍ គ្មានគ្រឿងញៀន” និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​នាព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤នេះ។​
តាមអំណាចសាលក្រមតុលាការ​ ដែលកម្លាំងមានសមត្ថកិច្ចបង្ក្រាប និងរឹបអូសបានមានទម្ងន់​៣៧.១៥៤,៦៦៨ក្រាម​។
ឯកឧត្តមប្រធាន គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត​ បានដាក់ចេញនូវគោលដៅ​មួយចំនួនក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗដូចខាងក្រោម៖
១.ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិតរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជាខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឲ្យចេញជាសកម្មភាពពិត និង​លទ្ធផលជាក់ស្ដែងនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សកម្មភាពផ្សព្វផ្សាយអប់រំឲ្យកាន់តែល្អប្រសើរ សកម្ម និងផុលផុសថែមទៀត។
២.ត្រូវបន្តផ្ដោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត​​នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ “ស” គ្មានគ្រឿងញៀន ជាពិសេសការចាត់តាំងអនុវត្តគោលការណ៍ “សម្អាតផ្ទះយើង” និង “សម្អាតចកចេញពីផ្ទៃបឹង” ស្របតាមបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល ឲ្យបានម៉ឺងម៉ាត់ និងដាច់ខាតបំផុត ។
៣.កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយកចិត្តទុកដាក់ជំរុញ​ការអនុវត្តវិធានការរដ្ឋបាល និងការអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់ ​ចំពោះគោលដៅ​ដែល​ងាយ ឬកើតមានបទល្មើសគ្រឿងញៀន ជាពិសេសនៅតាមកាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក្លឹបរាត្រី ខារ៉ាអូខេ និងតំបន់ដែលមានលក្ខណៈស្មុគស្មាញ។
៤.អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែ​សកម្មថែមទៀត ក្នុងការផ្ដល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់​ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ។
៥.មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបង្កើនការយកចិត្តទុកដាក់អប់រំ​ណែនាំ និងពង្រឹងការគ្រប់គ្រងកម្លាំងក្រោមឱវាទរបស់​ខ្លួន​ឲ្យបានតឹងរ៉ឹងបំផុត ចៀសវាងកុំឲ្យពាក់ព័ន្ធក្នុងករណីបទល្មើសគ្រឿងញៀន និងជាមួយឧក្រិដ្ឋជនគ្រឿងញៀន ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតី “៣កុំ ១រាយការណ៍” គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូរបន្ថយ និងត្រូវរាយការណ៍។
៦.កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្ត ឲ្យបាន​តឹងរ៉ឹងបំផុត ទប់ស្កាត់ឲ្យបានការនាំចូលនូវសារធាតុគីមីផ្សំគ្រឿងញៀនគ្រប់ប្រភេទ ។
៧.ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងក្ដាប់ឲ្យបាន​ច្បាស់លាស់នូវ​មុខ​សញ្ញាលក់ និងចែកចាយគ្រឿងញៀន ជាពិសេសអ្នកចំណូលស្រុកមកស្នាក់នៅបណ្ដោះ​អាសន្ន ប្រកបមុខរបរផ្សេងៗ​ នៅក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវបង្ក្រាបឲ្យ​បានទាន់ពេលវេលាពេលមានបទល្មើសកើតឡើង ។
៨.ត្រូវបន្តពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃយន្តការបន្សាបគ្រឿងញៀននៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានស្រាប់​​នៅក្នុងខេត្តឲ្យមានដំណើរការល្អ និងកាន់តែមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យជនរងគ្រោះដោយសារសារធាតុញៀន ទទួលបានសេវាបន្សាបគ្រឿងញៀន និងស្ដារនីតិសម្បទាឡើងវិញ ។
៩.អាណាព្យាបាល មាតាបិតាសិស្ស​ទាំងអស់ សូម​​បង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហកា​រ​​ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីការប្រឈមមុខខ្លាំងដោយបញ្ហាគ្រឿងញៀន ។
ជាទីបញ្ចប់ឯកឧត្តមអភិបាលខេត្ត​និងជាប្រធាន
គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត​ រួមទាំងគណៈអធិបបានអញ្ជេីញបានធ្វេីការពិនិត្យនិងដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅទីតាំងដែលរៀបចំជិតពិធីខាងលេី៕គឹមសេង

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *