ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»

សៀមរាប៖ នៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប បានរៀបចំ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ក្រោមអធិបតីភាព ឯកឧត្ដម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ កម្មករ និយោជកសហគ្រាស សហជីព ធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន ប្រមាណជា ៦00 នាក់ចូលរួម នៅព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៤ ។
ក្នុងកិច្ចស្វាគមន៍របស់លោក ច័ន្ទ សុខុមចិត្តា ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានលើកឡើង ពីជីវប្រវត្តិនៃការតស៊ូទាមទារសេរីភាព និងយុត្តិធម៌ កាលពី១៣៨ឆ្នាំមុន នៅទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិក របស់ពលករ និង កម្មករ និងការអានសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣៨ ទិវាពលកម្មអន្តរជាតិ (១ឧសភា ១៨៨៦. ១ឧសភា ២០២៤ ) ដែលអានដោយ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ។
មានប្រសាសន៍សំណេះសំណាលនោះដែរ លោកស្រី ម៉ននី រងី្ស បានលើកឡើងថា ពិធីនេះ គឺប្រារព្ធឡើងក្នុងន័យរំលឹកដល់បុព្វហេតុរបស់ពលករ . កម្មករ នៅលើពិភពលោកទាំងមូល បានតស៊ូទាមទារសេរីភាព និងយុត្តិធម៌ កាលពី១៣៨ឆ្នាំមុន នៅទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិក ។ លោកស្រីអភិបាលរងខេត្ត បន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និង រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និង កម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចឲ្យបាននូវ ចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយនឹងចក្ខុវិស័យដែលប្រជាជនកម្ពុជាគ្រប់រូបចង់បាន រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាបន្តអភិវឌ្ឍន៍ ប្រព័ន្ធគាំពារសង្គមឲ្យមានប្រសិទ្ធភាព សមធម៌ និងចីរភាព ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ។ លើសពីនេះទៀត ការអភិវឌ្ឍមូលធនមនុស្សជាកត្តាគន្លឹះសម្រាប់ផ្តត់ផ្គង់កម្លាំងពលកម្មជំនាញឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល ដើម្បីបន្តជម្រុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពនិងបរិយាប័ន្ន ។ ការមានកម្លាំងពលកម្មជំនាញគ្រប់គ្រាន់ គឺជាភាពចាំបាច់ ដើម្បីគាំទ្រដល់ការបរិវត្តកម្មគ្រប់វិស័យនៃសេដ្ឋកិច្ច ឆ្ពោះទៅកាន់សកម្មភាពដែលមានតម្លៃបន្ថែមខ្ពស់ ដោយឈរលើជំនាញ និងចំណេះដឹង ជំរុញកំណើនផលិតភាពការងារ ព្រមទាំងផ្តល់ភាពទាក់ទាញអ្នកវិនិយោគមកកម្ពុជា។ ក្នុងនាមរដ្ឋបាលខេត្ត សូមគាំទ្រ និងលើកទឹកចិត្តយ៉ាងពេញទំហឹងលើការបណ្តុះបណ្តាលជំនាញទាំងអស់ ដែលបានឆ្លើយតបទៅនឹងតម្រូវការយ៉ាងពិតប្រាកដទៅដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រានៃភាពក្រីក្រ ការធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយប្រថុយប្រថាន ឬដោយគ្មានជំនាញណាមួយច្បាស់លាស់ ដែលជាហេតុធ្វើឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬអាចក្លាយជាជនរងគ្រោះដោយអំពើជួញដូរមនុស្សជាដើម។ លោកស្រីអភិបាលរងខេត្ត ក៏បានធ្វើការក្រើនរំលឹក និង ជម្រុញដល់អាជ្ញាធរក្រុង ស្រុក ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សំខាន់ស្រទាប់យុវជន ដែលបានបញ្ចប់ការសិក្សា មកចុះឈ្មោះនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដើមី្បបានសិក្សាទទួលបានមុខជំនាញបច្ចេកទេស ដែលជាមុខរបរក្នុងការចិញ្ចឹមជីវិតក្រុមគ្រួសារខ្លួនទៅថ្ងៃអនាគត ។ ជាក់ស្តែងរាជរដ្ឋាភិបាល បានកំណត់យក កម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និង គ្រាមានគ្រោះអាសន្ន ជាកម្មវិធីគោលនយោបាយអាទិភាព ក្នុងចំណោមកម្មវិធីគោលនយោបាយនានា ដើម្បីជម្រុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយមានភាពធន់ និង បរិយាប័ន្ន តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស និង ការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ គ្រួសារងាយរងគ្រោះនិងគ្រួសារងាយរងហានិភ័យ ។ លោកស្រីបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបោះឆ្នោតគាំទ្រ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ–ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានគោលដៅចម្បង រក្សាសុខសន្តិភាព កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍ប្រទេសជាតិនិងរក្សាឧត្តមរបេយោជន៍ប្រជាពលរដ្ឋ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *