កំពង់ឆ្នាំង៖ សត្វគោចំនួន ១៧ ក្បាលត្រូវបានងាប់ក្នុងដីស្រែមួយកន្លែង នៅចំណុចត្រពាំងធ្លក ក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងខណៈដែលម្ចាស់គោដើររកគោពេលថ្ងៃមិនឃើញលុះដល់ពេលយប់ឡើងទើបគេមកប្រាប់ថាមានគោជាង១០ក្បាលបានងាប់ក្នុងដីស្រែគេមួយកន្លែង។

ហេតុការនេះបានកើតកាលពីយប់ថ្ងៃទី១៤ លុះព្រឹកឡើងថ្ងៃទី១៥ខែតុលា ឆ្នាំ ២០២៣ ទើបសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ។

លោក ម៉ឹង វិសាលសុខ មេឃុំក្តុល សែនជ័យបាន ឲ្យដឹងនៅថ្ងៃទី១៦នេះ ថាម្ចាស់គោដែលងាប់ទាំង១៧ក្បាល មានឈ្មោះ ទត សៀងហីម  អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ចំណែកដីស្រែដែលគោចូលទៅស៊ីស្រូវពង្រោះរហូតដល់ងាប់ ១៧ក្បាល មានទីលំនៅ ស្រុករលាប្អៀរ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវមិនទាន់ដឹងឈ្មោះម្ចាស់ស្រែនៅឡើយទេ។

លោក ទត សៀងហ៊ីម អាយុ៤២ឆ្នាំ បានបញ្ជាក់អោយដឹងថាគោរបស់គាត់បានងាប់ ចំនួន១៧ ក្បាល(គោញី៥)ក្នុងចំណោមគោ២២ ក្បាល ។

ប្រភពដដែលបានបញ្ជាក់ថានៅព្រឹក
ថ្ងៃទី១៥ខែតុលា ប្អូនប្រុសរបស់គាត់ បានយកគោទៅឃ្វាលដូចសព្វដង ប៉ុន្តែនៅម៉ោងជាង៣រសៀល ប្អូនប្រុសគាត់បានត្រឡប់មកហូបបាយវិញ ដោយលែងគោឱ្យស៊ីស្មៅក្នុងព្រៃ ពេលហូបបាយទៅវិញ ស្រាប់តែរកគោមិនឃើញ ប្អូនប្រុសគាត់ដើររករហូតដល់ព្រលប់  ។

លុះយប់បន្តិចមានគេមកប្រាប់ថា៖ គោគាត់បានងាប់ក្នុងដីស្រែគេ សង្ស័យពុលថ្នាំ គាត់ នាំគ្នាទៅមើល ឃើញគោគាត់ងាប់ ពិតមែន គឺ១៧ក្បាល ។

គាត់ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច ហើយបានរក្សាទុកមួយយប់  លុះព្រឹកឡើងទើបសមត្ថកិច្ចនិងមន្ត្រីពេទ្យសត្វចុះទៅពិនិត្យមើល។

ក្រោយពេលពិនិត្យខ្មោចគោទាំ១៧ក្បាលហើយ មន្ត្រីពេទ្យសត្វខេត្តបានសន្និដ្ឋានថាគោទាំង១៧ក្បាល បានងាប់ ដោយសារពុលថ្នាំមែន ។

ជុំវិញករណីសត្វគោងាប់រហូត១៧ក្បាលនេះ ត្រូវបានសមត្ថកិច្ច សង្ស័យថាម្ចាស់ស្រែបានបាញ់ថ្នាំ ពុល លើស្រូវពង្រោះ ដើម្បីការពារសត្វចង្រៃស៊ីបំផ្លាញ ដែលពេលនេះសមត្ថកិច្ចកំពុងតែតាមស្វែងរកម្ចាស់ដីស្រែដើម្បីហៅមកសាកសួរបំភ្លឺ។

ទោះបីយ៉ាងនេះកី្ត លោក ទត សៀងហ៊ីម ហៅប្រុស ដែលជាម្ចាស់គោបានសំណូមពរនិងអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធសូមមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង ព្រោះគោបានងាប់រហូតដល់១៧ ក្បាល គឺជាការខាតបង់ខ្លាំងណាស់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *